ភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត ចំនួន ១២៥នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ពិធីដ៏មានអត្ថន័យជ្រាលជ្រៅនេះ មានការអញ្ជើញចូលរួមពីសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ លោកជំទាវ ឯកឧត្តម អនុប្រធាន អគ្គហេរញ្ញិក សមាជិកាគណៈកម្មាធិការកណ្តាល មន្ត្រីទីស្នាក់ការកណ្តាល និងសាខា សរុបចំនួន ១៦២នាក់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់គឿងឥស្សរិយយស និងមេដាយការងារជូនមន្ត្រី បុគ្គលិក ក្រុមប្រតិបត្តិ ថ្នាក់កណ្តាល និងថ្នាក់សាខា ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ជម្នះគ្រប់ឧបសគ្គ យកអស់កម្លាំងកាយចិត្ត លះបង់ខ្ពស់ ក្នុងគ្រប់កាលៈទេសៈ មិនថាយប់ឬថ្ងៃ ដើម្បីបុព្វហេតុមនុស្សធម៌ អស់រយៈពេលច្រើនជាង ២០ឆ្នាំកន្លងទៅនេះ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា «ពិធីបំពាក់គ្រឿងឥស្សរិយយសនៅថ្ងៃនេះ ជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានឡើយ ក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ»។ គ្រឿងឥស្សរិយយសដែលត្រូវបំពាក់នាឱកាសនេះ មានការប្រោសព្រះរាជទានគ្រឿងឥស្សរិយយសពី ព្រះករុណាព្រះមហាក្សត្រ និងមេដាយការងារពីរាជរដ្ឋាភិបាលកម្ពុជា តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
បុគ្គលិក អ្នកស្មគ្រចិត្តរបស់កាកបាតក្រហមបានបំពេញបេសកកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា រួមជាកម្លាំងសាមគ្គី អស់រយៈពេលជាង ២០ឆ្នាំចាប់តាំងពីកម្លាំងកាយនៅរឹងមាំ រហូតអ្នកខ្លះបានចូលនិវត្តន៍ អ្នកខ្លះបានបាត់បង់កាយសម្បទា ក្នុងការបំពេញការងារតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» តាមរយៈការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, វិបត្តិភ័យ, ការប្រែប្រួលអាកាសធាតុ, ការការពារបរិស្ថានធម្មជាតិ, ការថែទាំសុខភាពក្នុងសហគមន៍, ជាពិសេសក្នុងរយៈពេលប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ដ៏កាចសាហាវ រហូតយើងទាំងអស់គ្នា សម្រេចបានជោគជ័យ និងបានបើកប្រទេសឡើងវិញ។
ការចូលរួមរបស់មន្ត្រី បុគ្គលិកទាំងអស់នឹងត្រូវកត់ត្រាទុកនៅក្នុងប្រវត្តិនៃការអភិវឌ្ឍកាកបាទក្រហមកម្ពុជា តាមទិសវិមជ្ឈការ វិសហមជ្ឈការ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់ចុះស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា «ការលះបង់ និងឆន្ទៈ មនសិការនៃការប្តេជ្ញាចិត្តតស៊ូ ជម្នះឧបសគ្គរបស់មន្ត្រី បុគ្គលិកទាំងអស់ គឺជាគំរូ និងជាកេរដំណែលដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗទៀត ហើយដែលបច្ចុប្បន្ននេះ យុវជនយើង បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ការងារមនុស្សធម៌ ការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ -ល- ដែលក្នុងនោះចំនួនស្ត្រីចូលរួមក៏មានការកើនឡើងគួរឱ្យកត់សម្គាល់»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបំពាក់ជូននាពេលនេះ ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ជាប់ក្រអៅបេះដូង របស់មន្ត្រីបុគ្គលិកទាំងអស់គ្នា និងជាគំរូលើកទឹកចិត្ត ដល់មន្ត្រីបុគ្គលិក ដែលបាន និងកំពុងបន្តបំពេញការងារ ឱ្យកាន់តែមានឆន្ទៈមោះមុត បំពេញភារកិច្ចក្នុងស្មារតីការងារជាក្រុម និងទទួលខុសត្រូវខ្ពស់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងបុព្វហេតុមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងសុខសន្តិភាព និងដើម្បីមនុស្សជាតិលើភពផែនដីទាំងមូល។
សូមបញ្ជាក់ថា គ្រឿងឥស្សរិយយស និងមេដាយការងារ ដែលបំពាក់ជូនមន្ត្រី បុគ្គលិក រួមមាន៖ គ្រឿងឥស្សរិយយស ជាតូបកា ចំនួន ១៨, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ០៧, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន ០៣, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន ១២, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន ០៧, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន ៣៥, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន ២, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ចំនួន ១២, មេដាយការងារ ចំនួន ២៩។
របាយការណ៍សមិទ្ធផលការងារ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ៧ខែដើមឆ្នាំ ឆ្នាំ២០២៣ តាមរយៈការអនុវត្តផែនការនៃវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជាមានដូចជា៖
ឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការជាក់ស្តែងនៅតាមសហគមន៍រងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតបាន ៥៥,៣៥៩គ្រួសារ តាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ក្នុងនោះថ្នាក់កណ្តាលឆ្លើយតបបាន ៩,៧៩៨គ្រួសារ និងសាខា ៤៥,៧៨៥គ្រួសារ។ សាខាបានសាងសង់ផ្ទះថ្មី ៤១ខ្នង ជូនគ្រួសារងាយរងគ្រោះ និងជួសជុលផ្ទះ ៩៣ខ្នង ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ព្រមទាំងបានបណ្តុះបណ្តាលជំនាញ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងផ្សេងៗ បានរាប់ម៉ឺនគ្រួសារទៀត៕