2024-01-13 03:01
396

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់នៃខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧ នៅមន្ទីរគណបក្សខេត្ត។

អញ្ជើញចូលរួមនាឱកាសនោះរួមមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា បេក្ខជន សមាជិកព្រឹទ្ធសភា ភូមិភាគ៧ ឯកឧត្តមប្រធានគណបក្សខេត្ត លោក លោកស្រីក្រុមប្រឹក្សា ឃុំ សង្កាត់ទាំង ៥៩៧នាក់។

ថ្លែងនាឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា «ប្រពៃណីរបស់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក» ដោយគូសបញ្ជាក់ថា ភាពជោគជ័យកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គឺកើតចេញពីការគំាទ្ររបស់ប្រជាជន និងគណៈកម្មាធិការខេត្ត ក្រុង ស្រុក សង្កាត់ ដែលបានចូលរួមគាំទ្រ ជាពិសេសតាមរយៈការឃោសនាបោះឆ្នោត។ ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺពិតណាស់គឺ ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងជួយគាំទ្រដល់បេក្ខជន សមាជិកព្រឹទ្ធសភាវិញម្តង។

ជាមួយគ្នានោះ លោកបានសម្តែងនូវភាពជឿជាក់ និងទំនុកចិត្តលើថ្នាក់ដឹកនាំឃុំ សង្កាត់ទាំងអស់ ទាំងស្មារតី និងសមត្ថភាពនៃការបំពេញការងារ ដែលធានាបាននូវនិរន្តភាព របស់ប្រទេសជាតិ។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តឲ្យអ៊ំ ពូ មីង ថែទាំសុខភាព ថែរក្សាឲ្យបាននូវឯកសារសម្រាប់បម្រើឲ្យការបោះឆ្នោត និងត្រៀមខ្លួនចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខនេះ។

ផ្សាភ្ជាប់ជាមួយការលើកឡើងខាងលើនេះ លោកបានគូសបញ្ជាក់ថា « កត្តា សាមគ្គី ឯកភាព ជំនឿទុកចិត្ត ការដោះស្រាយបញ្ហា ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា គឺធានានូវនិរន្តភាព និងការអភិវឌ្ឍទៅមុខរបស់ប្រទេសជាតិ» ដោយឯកឧត្តមបានរំលេចបន្ថែមថា ទោះគណបក្សប្រជាជនមិនល្អឥតខ្ចោះ តែអាចពឹងពាក់ និងជួយគ្នាបានគ្រប់កាលៈទេសៈ ហើយគណបក្សប្រជាជននឹងខិតខំបន្តក្នុងការថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ៕