2023-09-09 12:09
483

កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ក្រៅពីអទិភាពទាំង ៦ដែលរាជរដ្ឋាភិបាលថ្មី បានដាក់ចេញនាពេលកន្លងមកយើងនៅមានអទិភាព ចំនួន ៥ទៀតបានដាក់ចេញ ក្នុងនោះ វិស័យអប់រំចាប់ពីថ្នាក់មត្តេយ្យ បឋម ធម្យម រហូតថ្នាក់ទី១២ ធ្វើយ៉ាងណាឲ្យការអប់រំកូនចៅរបស់យើងមិនត្រឹមមានសមត្ថភាពទេ មានទាំងឥរិយាបទ សីលធម៌ គុណធម៌ជាដើម»

 ការពង្រឹងលើវិស័យអបរំនេះ ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ នយោជិតជិត ២ម៉ឺននាក់មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ១៤ ក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាជំនួបលើកទី៣ បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ការពង្រឹងវិស័យអប់រំ គឺស្ថិតក្នុងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីអនុវត្តក្នុងការធ្វើឲ្យកូនខ្មែរធំឡើង មានទាំងសមត្ថភាព ចំណេះដឹង មានផ្នត់គំនិត គុណធម៌ និងសីលធម៌ក្នុងសង្គមជាដើម»