2024-10-13 11:10
86

រដ្ឋធានីវៀងចន្ទន៍៖បេសកកម្មរយៈពេល៤ថ្ងៃប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមជាមួយជំនួបពិភាក្សា ជំនួបសំណេះសំណាលក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័ន ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួនជាង៣០។ 

លទ្ធផលនៃដំណើរបេសកកម្មការងារនៅក្រៅប្រទេសលើកទី១៦ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សម្ដេចបានជួបពិភាក្សាការងារនៅរដ្ឋធានីវៀងចន្ទន៍នៃសាធារណរដ្ឋឡាវជាមួយភាគីសំខាន់ៗដូចជា៖ 
ជំនួបទ្វេភាគីកម្ពុជា-ឡាវ៖ ភាគីទាំង២បានបង្ហាញបំណងរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលឆាប់ៗខាងមុខនេះ។

 ពាក់ព័ន្ធវិស័យ ពាណិជ្ជកម្ម និងទេសចរណ៍ ភាគីទាំងពីរបានពិភាក្សាពីមធ្យោបាយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដើម្បីសម្រេចបាននូវសក្តានុពលពេញលេញជាពិសេសតាមរយៈការរៀបចំឡើងវិញនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម និងបានឯកភាពពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីសម្រួលដល់ការនាំចេញផលិតផលដែល មានសក្តានុពល និងជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ។ 

ចំពោះកិច្ចសហប្រតិបត្តិការថាមពល ភាគីទាំងពីររិះរកមធ្យោបាយពង្រីក ការផ្គត់ផ្គង់ថាមពលបៃតងរវាងប្រទេសពីរនិងតំបន់ ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន។

ជំនួបត្រីភាគីកម្ពុជា-ឡាវ-វៀតណាម៖ ប្រមុខរដ្ឋាភិបាលទាំងបី ក៏បានចែករំលែក បទពិសោធអំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងបានគូសបញ្ជាក់ពីសារសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអប់រំនិងបណ្តុះបណ្តាល ជាដើម។ 

ជំនួបទ្វេភាគីកម្ពុជា-ថៃ៖ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត រួមមាន ការចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំយន្តការទ្វេភាគីមួយចំនួន ការសិក្សាអំពីលទ្ធភាពនៃ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន វិស័យទេសចរណ៍ ការពារជាតិ និងសន្តិសុខ ជាដើម។ 

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញ ឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនគម្រោងកិច្ចសហប្រតិបត្តិការនិងការពិគ្រោះយោបល់ដើម្បីសម្រួលការដោះដូរពាណិជ្ជកម្ម ឆ្លងដែន ការជំរុញទេសចរណ៍ និងការកសាងភាពបំពេញឱ្យគ្នាទៅវិញទៅមក។

ជំនួបទ្វេភាគីកម្ពុជា-នូវែលសេឡង់៖ ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញឆន្ទៈ ក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ជាពិសេសលើវិស័យកសិកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការលើ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្តល់អាហារូបករណ៍ដល់និស្សិត កម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់។ 

នាយករដ្ឋមន្ត្រីទាំងពីរទទួលស្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា នូវែលសេឡង់នៅមានសក្តានុពលដែលអាចពង្រីក និងបានឯកភាពជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្តសហការធុរកិច្ចលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងថាមពលស្អាត។

ជំនួបទ្វេភាគីកម្ពុជា-កាណាដា៖ កាណាដាគ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ខណៈកម្ពុជាក៏នឹងគ្រោងបើកស្ថានឯកអគ្គរាជទូតនៅប្រទេសកាណាដាផងដែរ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូត។ ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្មវិញ កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្មមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត។

 កាណាដា គឺជាដៃគូពាណិជ្ជកម្មទ្វេភាគី លំដាប់ទី៧របស់កម្ពុជា ដោយបានបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ជំនួបទ្វេភាគីកម្ពុជា-លុចសំបួ៖ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការពង្រឹងនិង ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យទេសចរណ៍ ធនាគារនិងហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល ការបោសសម្អាតមីន សុខាភិបាល និងអប់រំ ជាដើម។

ជំនួបទ្វេភាគីកម្ពុជា-ចិន៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងផ្តល់ជំនួយឥតសំណងចំនួន៣០០លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាមួយគ្នានេះ ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀតមកកាន់ទីផ្សារចិន។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ក្រៅពីនេះ សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏មានជំនួបសំណេះសំណាលក្រៅផ្លូវការជាមួយប្រមុខរដ្ឋ និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នតំបន់ និងអន្តរជាតិ រួមមាន៖ លោក Yoon Suk-Yeol ប្រធានាធិបតីកូរ៉េ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Charles Michel ប្រធានក្រុមប្រឹក្សាសហគមន៍អឺរ៉ុប លោក Thongloun Sisoulith ប្រធានរដ្ឋឡាវ ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah ព្រះមហាក្សត្រព្រុយណេដារូសាឡាម និងព្រះអង្គម្ចាស់ Abdul Mateen លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោក Antony J. Blinken រដ្ឋមន្ត្រីក្រសួងការ បរទេសសហរដ្ឋអាមេរិក។

ដោយឡែក ចំពោះក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សម្តេចធិបតីបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ច ប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ ដោយបានបង្ហាញពីសក្តានុពលវិនិយោគដ៏សម្បូរបែបរបស់កម្ពុជា ដែលរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះតែងឈរនៅលំដាប់ខ្ពស់ក្នុងចំណោមបណ្តាប្រទេស មានការអភិវឌ្ឍតិចតួច ក្នុងការទទួលបានការវិនិយោគពីបរទេស។ 

សម្តេចក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រីក និងការធ្វើពិពិធកម្មទីផ្សារ និងកាលានុវត្តភាពការនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាមួយនឹងប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗ ពី អាមេរិក អឺរ៉ុប ចិន អូស្ត្រាលី នូវែលសេឡង់ ជប៉ុន ស្វីស និងកាណាដា ជាដើម៕