2024-04-24 09:04
358

ភ្នំពេញ៖ នាព្រលប់ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានច្រានចោលការបង្ហោះសារលើហ្វេសប៊ុក របស់តារាចម្រៀង លោក សាពូន មីដាដា ថា «សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពី១១ឆ្នាំមុន ធ្លាប់បានជួយលុយដល់ដល់ខ្លួន និងអតីភរិយា គឺអ្នកនាង សឿន សុធារ៉ា ប្រមាណ ៦,៧លានដុល្លារអាមេរិក វីឡា ឡាន ខ្សែកស្រោបពេជ្រជាដើម»។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមផ្លូវការ របស់សម្តេច ថា៖ «លោកសាពូន មីដាដា បានបង្ហោះសារដោយនិយាយថាខ្ញុំ និងភរិយាបានជួយគាត់ចំនួន ៦,៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន» ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា? សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសរសេរបញ្ជាក់ថា៖ «តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរ និងចៅទៅលេងផ្ទះមានឯករាជ្យ និងបានផ្តល់ប្រាក់ ៣០មុឺនដុល្លារ សម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថា មារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀត ដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះ ចំនួន៤ ដែលគ្មានលុយបង់រំលោះឲ្យគេ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។ លុយជិត ៧លានដុល្លារ វាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»។ សូមជម្រាបថា តារាចម្រៀងជើងចាស់ លោក សាពូន បានសរសេរសារបង្ហោះលើបណ្តាញសង្គមថា៖ «ប្រាក់ ៦លាន៧សែនដុល្លារ ($) ព្រមទាំងផ្ទះវីឡានៅបុរី ប៉េង ហួត បឹងស្នោ និងឡានមែសឺដេស (Mercedes) ពណ៌ក្រហម ខ្សែកប្រាំតម្លឹង ស្រោបពេជ្រ ១២ក្រាត ដែលសម្តេចពុក និងសម្តេចម៉ែប្រទានឲ្យមកកូនៗ ត្រូវបានរលាយដោយដៃខ្ញុំបាទ»។

   លោក សាពួន មីដាដា បានសរសេរទៀតថា៖ « ខ្ញុំបាទ ជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទគាត់ស្លូតស្មោះត្រង់ណាស់ គាត់មិនបានដឹងរឿងអ្វីទេ សូមសម្តេចពុកសម្តេចម៉ែ មេត្តាករុណាអនុគ្រោះផងទាន»។ គួរបញ្ជាក់ថា លោកស្រី សឿ សុធារ៉ា អតីតសិល្បករល្បីឈ្មោះមួយរូប គឺជាប្រពន្ធរបស់លោក សាពូន មីដាដា ហើយបច្ចុប្បន្នលោកស្រី និងកូន កំពុងស្ថិតក្នុងស្ថានភាពលំបាកខ្លាំងផ្នែកជីវភាព៕