2023-11-30 15:29
505

កោះកុង៖ នាព្រឹកថ្ងៃទី៣០  ខែវិច្ឆិកា  ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានកម្លាំងអានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «រាជរដ្ឋាភិបាលតែងតែគិតគូរពីផលប៉ះពាល់បរិស្ថាន និងមនុស្សនៅក្នុងតំបន់ដែលមានការអភិឌ្ឍន៍ និងពាក់ព័ន្ធនឹងប្រទេសជាតិរបស់យើងតែម្តង»

 សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា «ពិតណាស់យើងត្រូវការអគ្គិសនីសម្រាប់ប្រើប្រាស់ដែលលផិលិតដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវការដង្ហើមគ្រប់ពេលពីគេនោះទេ មានន័យថា បើយើងគ្មានប្រភពផលិតអគ្គិសនីខ្លួនឯងទិញពីក្រៅទាំងអស់ គឺពឹងដង្ហើមគេដកនៅថ្ងៃណាមួយប្រទេសជិតខាងផលិតមិនបានគ្រប់សម្រាប់ការផ្គត់ផ្គង់ គាត់ត្រូវដោះស្រាយបញ្ហា ឬមួយកាត់បន្ថយការផ្គត់ផ្គង់ ឬតម្លើងថ្លៃនោះ យើងអត់មានសមត្ថភាពខ្លួនឯងយើងហ្នឹងគ្រោះថ្នាក់»

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ជាក់ស្តែងគម្រោងវារីអគ្គិសនីនិមួយៗមុនចេញជារូបរាងពីការចាប់ផ្តើមរហូតសាងសង់ ត្រូវប្រើប្រាស់រយៈពីរ ៨ទៅ១០ឆ្នាំទើបបានចេញ ព្រោះត្រូវការរយៈពេលពី ២ទៅ៤ឆ្នាំ ក្នុងការគិតគូរផលប៉ះពាល់ ដូចជា រឿងបរិស្ថាន គ្រប់ក្រសួង ស្ថាប័នជាច្រើន ត្រូវជួបគ្នាពិភាក្សា ពិគ្រោះគ្នាដោះស្រាយក្នុងមូលដ្ឋាន មានផលប៉ះពាល់ព្រៃឈើ ប៉ះពាល់អេកូឡូស៊ី និងប៉ះពាល់ប្រជាពលរដ្ឋ»។ សម្តេចធិបតីបានបន្ថែមថា «ផលដែលបានមកពីការវិនិយោគសេដ្ឋកិច្ច សង្គមដល់ប្រជាពលរដ្ឋ វាសមស្រមនឹងផលប៉ះពាល់អវិជ្ជមានរបស់ប្រជាពលរដ្ឋយ៉ាងដូចម្តេច

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «រាល់ការអភិវឌ្ឍន៍រាជរដ្ឋាភិបាលបានគិតគូរច្បាស់លាស់ណាស់អំពីផលប៉ះពាល់ព្រៃឈើ, បរិស្ថាន, សត្វព្រៃ, ប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ និងត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយផលប៉ះពីច្រើនឱ្យមកនៅតិច និងត្រូវចរចារឿងហិរញ្ញវត្ថុ ត្រូវធ្វើម៉េចក្រោយពេលផលិតបានលក់តម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃតែម្តង»

 សូមបញ្ជក់ផងដែរ បើតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានទំហំ ប្រភពអគ្គិសនី សរុបចំនួន ៤.២៤៦,៧៧  មេហ្គាវ៉ាត់ ក្នុងនោះ ចំនួន ៣.១១៦,៤២  មេហ្គាវ៉ាត់ស្មើនឹង ជាង ៧៣ភាគរយជាប្រភពអគ្គិសនី បានពីការអភិវឌ្ឍក្នុងស្រុកហើយ ចំនួន ១.១៣០,៧៥  មេហ្គាវ៉ាត់ ស្មើនឹងជាង ២៦ ភាគរយ ជាប្រភពអគ្គិសនី ដែលបាននាំចូលពីប្រទេសជិតខាង។ សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី បច្ចុប្បន្ននេះ មានខ្សែបញ្ជូន សរុបចំនួន ៣ ៩៥៣គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៦៣ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី-ខេត្ត ចំនួន ២៥ទូទាំងប្រទេស។ 

 របាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងទៀតថា គិតត្រឹមចុងឆ្នាំ២០២២ ផ្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សរុបចំនួន ប្រមាណ ៣ ៧២លានខ្នងផ្ទះ ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិស្មើនឹងប្រមាណជិត ៩០ភាគរយ។  ជាមួយគ្នានេះ ភូមិចំនួនជិត ១៤ ០០០ ស្មើនឹង ៩៨.២៧ ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិ ចំនួនជាង ២០០ ប៉ុណ្ណោះស្មើនឹង ១.៧៣ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនី ដោយសារភូមិទាំងនោះ ត្រូវបានចាត់ទុកថាជា «ភូមិដែលពិបាកទៅដល់»