2023-12-12 06:12
345

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ធមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថា «ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាព្រឹត្តិការណ៍មួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម»។
   លោកជំទាវទី១ ពេជ ចន្ទមុន្នី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិក និងសហព័ន្ធជាតិ ដែលបានសហការគ្នាបានយ៉ាងល្អ ធ្វើឱ្យវិស័យកីឡាសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត និងបានបង្ហាញមោទនៈភាពជាតិ លើឆាកអន្តរជាតិ។
   ក្រោយបញ្ចប់ការប្រកួតកីឡារាំ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍បន្ថែមថា «ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិនេះ ជាឱកាសមួយដែលផ្តល់ឱ្យអត្តពលិកកីឡារាំ អាចសាកល្បងសមត្ថភាព មុនពេលចូលរួមប្រកួតកីឡា ASEAN Indoor Games 2024 នៅប្រទេសថៃ ការប្រកួតកីឡាអូឡាំពិក នៅប្រទេសបារាំង និងត្រៀមការប្រកួតកីឡា ASEAN Youth Games 2029 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
   លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន បន្ដជួយគាំទ្រទាំងផ្នែកថវិកា, សម្ភារៈ, បច្ចេកទេស និងទីកន្លែងហ្វឹកហាត់ដល់សហព័ន្ធកីឡារាំកម្ពុជា ដើម្បីបន្ដបេសកកម្ម និងអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី ក្នុងវិស័យកីឡានេះ ឱ្យកាន់តែរីកចម្រើនថែមទៀត។ លោកជំទាវមានប្រសាសន៍ទៀតថា «ក្រោមម្លប់នៃសុខសន្ដិភាព ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យ មានឱកាស និងជម្រើសច្រើន ទាំងពេលវេលា និងលទ្ធភាព ដើម្បីធ្វើការហ្វឹកហាត់កីឡា ដែលខ្លួនចូលចិត្ត ហើយបានវិវវឌ្ឍន៍ខ្លួនក្លាយជាធនធានដ៏ល្អសម្រាប់សង្គមរហូតមានសមត្ថភាពចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ ព្រមទាំងដណ្ដើមបានមេដាយកិត្តិយសជូនជាតិថែមទៀត»។
  លោកជំទាវបណ្ឌិត ក៏បានធ្វើការផ្ដាំផ្ញើរដល់សហព័ន្ធកីទ្បារំាកម្ពុជា ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ឱ្យបន្ដការហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានប្រសើរ, ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងភាពជាអ្នកតំណាងដ៏ល្អរបស់កម្ពុជា ដើម្បីបង្កើតនូវការចងចាំពីបណ្តាមិត្តអន្តរជាតិ  ក៏ដូចជារក្សាសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិក នៃបណ្ដាប្រទេសនានា សម្រាប់ការចូលរួមការប្រកួតនាពេលខាងមុខ។ 
   សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺបានរៀបចំទ្បើង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការិនី ចំនួន ៥០ រូប មកពីក្លិប ចំនួន ០៥ ក្រោមការឧបត្ថម្ភគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា ៕