2024-01-09 09:01
150

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមកុំអស់សង្ឃឹម ព្រោះក្មួយៗនៅមានឱកាសច្រើន ត្រូវខិតខំបន្តទៀត ដោយសារជំនាន់នេះ មានប្រៀបច្រើនជាងជំនាន់មុនៗ ដូចជា រៀនបរិញ្ញាបត្ររង មុខជំនាញបច្ចេកទេសជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ នាព្រឹក ថ្ងៃអង្គរ៍ ទី០៩ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី ក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះ សិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ និងសិស្ស ចំនួន ១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ២០ តុលា ២០២៣»  នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថាៈ អ្នកជំនាន់មុនគ្មានឱកាសដើម្បីរៀនជំនាញបច្ចេកទេសច្រើននោះទេ សូម្បីឱកាសរៀនបន្តនៅថ្នាក់ឧត្តមសិក្សាក៏មានកំណត់ដោយសារកាលនោះចំនួនសាកលវិទ្យាល័យនៅមានកម្រិត អ្នកជាប់មិនបានចូលទៅមហាវិទ្យាល័យត្រង់ទេ គឺត្រូវរៀនត្រៀមមួយឆ្នាំចាំយកកៅអីសិន ប្រហែលជាក្មួយៗមិនដែលឭការរៀនយកកៅអីទេ? ដោយសារសាលាមានតិចហើយអ្នកជាប់ច្រើនអញ្ចឹងត្រូវបម្រុងមួយឆ្នាំរួចប្រឡងយកកៅអី ដើម្បីមានសិទ្ធិចូលរៀននៅមហាវិទ្យាល័យបន្ត ប៉ុន្តែពេលនេះមានឱកាសច្រើនណាស់សម្រាប់អ្នកដែលជាប់ក្នុងការរៀននៅឧត្តមសិក្សាមិនថានៅរាជធានីភ្នំពេញទេ នៅតាមបណ្តាខេត្តផ្សេងៗក៏មានច្រើនដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់់ថាៈ «មិនខុសគ្នានោះទេក្មួយៗដែលសញ្ញាបត្របាក់ឌុបអាចរៀនយកបរិញ្ញាបត្ររង ឬរៀនឡើងវិញ ដើម្បីប្រឡងបាក់់ឌុបឆ្នាំក្រោយទៀត អញ្ចឹងសូមកុំអស់សង្ឃឹម នៅមានឱកាសបន្តទៅមុខទៀត ព្រោះផ្លូវនៅវែងឆ្ងាយ កុំបោះបង់ឱកាសចោល»៕