2024-03-24 03:03
86

ភ្នំពេញ៖ ក្រោយពីមានការវាយប្រហារដ៏ឃោឃៅពីសំណាក់ភេវករនៅសាលមហោស្រព នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បណ្តាលឲ្យមនុស្សរាបសិបនាន់ស្លាប់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយអំពើភេរវកម្មនេះ។ 
   នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះ ក្រសួងការបរទេស ពិតជាមានក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់សិបនាក់ និងការរងរបួសរាប់រយនាក់ នៅក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រព ទីក្រុងមូស្គូ កាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារដ៏សាហាវឃោរឃៅនេះ។ 
   ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ហើយជូនពរឱ្យអ្នករងរបួសទាំងអស់បានជាសះស្បើយឆាប់រហ័ស។ 
ពាក់ព័ន្ធអំពើវាយប្រហារដោយក្រុមភេវករខាងលើ កម្ពុជាធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា «ទង្វើភេរវកម្មណាក៏ដោយ គឺជាបទឧក្រិដ្ឋដែលមិនអាចមានហេតុផលណាមួយជាសំអាងបានឡើយ ទោះបីជាប្រព្រឹត្តក្នុងគោលបំណងណាមួយ និងដោយបុគ្គលណាក៏ដោយ ព្រមទាំងសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនរុស្ស៊ីនៅក្នុងអំឡុងពេលវេលាដ៏ក្រៀមក្រំនេះ»៕