2024-01-24 08:01
134

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ បានលើកឡើងថា «សារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយឱ្យប្រជាជនបានយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងនេះ» ។

សម្តចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា «ប៉ុន្មានថ្ងៃមុនសម្តេចបានបញ្ជាមករដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យមានវិធានការបន្ទាន់រឿងផ្សព្វពាណិជ្ជកម្ម “គាស់ផឹកៗ” ដោយឡើងលើវរទិកាប្រគុំតន្ត្រីរបស់ទូរទស្សន៍មួយ បានបញ្ឈប់ឱ្យភ្លាម និងដកចេញជាបន្ទាន់ ដោយសារឃើញសកម្មភាព នៃការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ តម្រូវឱ្យមនុស្សឡើងគាស់ផឹងវិទិកា បញ្ហានេះ ត្រូវហាមដាច់ខាត់គ្រប់ស្ថានីយទូរទស្សន៍» ។ 

សម្តេចធិបតីបានបន្ថែមថា ការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូជារឿងមួយ និងត្រូវមានដាក់ពាក្យ ឬសារអប់រំផ្សេងៗ ដូចជា ស្រវឹងកុំបើកបរ ឬ បើកបរកុំពិសារគ្រឿងស្រវឹង ។ល។ ប៉ុន្តែអារឿងវ៉ៃបុក ប្រគុំតន្ត្រីស្អីៗហៅមនុស្សឱ្យឡើងទៅ “គាស់ផឹកៗ” អត់បានទេ សូមឱ្យស្ថានីយទូរទស្សទ៍ទាំងអស់ គឺឈប់ធ្វើដល់ថ្នាក់ហ្នឹង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនស្រាបៀរក៏មិនចាំបាច់អីដល់ថ្នាក់ហៅមនុស្សឱ្យឡើងគាស់ផឹកលើវេទិកាដែរ ដូចជាមិនខ្វះវិធីផ្សព្វផ្សាយទេ ហើយគ្រប់ទូរទស្សន៍ក៏ត្រូវចួលរួមទាំងអស់គ្នាផងដែរ ព្រោះការផ្សព្វផ្សាយលើកម្មវិធីធំៗ គឺមានមនុស្សមើលច្រើនណាស់៕