2024-01-12 12:01
153

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ករណីនារីប៉ុន្មាននាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយជ្រុលលើប្រព័ន្ធ Media ឬបណ្តាញទំនាក់ទំនងសង្គម អំពីការលក់ផលិតផលហួសហេតុ ពិតណាស់សិទ្វិសេរីរបស់់ប្រជាពលរដ្ឋ និងសិទ្ធិនារី ត្រូវបានលើកតម្កើន ប៉ុន្តែត្រូវមានកាតព្វកិច្ចក្នុងការថែរក្សា និងការពារ នូវតម្លៃសង្គម តម្លៃវប្បធម៌ ប្រពៃណី ជាពិសេសតម្លៃជាស្ត្រីខ្មែរតែម្តង។

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងករណីនេះ នារសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី”។

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ទោះបីជាប្រទេសយើងមានការអភិវឌ្ឍដល់ណាក៏ដោយអត្តសញ្ញាណរបស់យើងមិនត្រូវឱ្យបាត់នោះទេ។ ពិតណាស់សាកលភាវូប្បកម្មនូវស្តង់ដាសម្ភារៈ ស្តង់ដាការសិក្សា ស្តង់ដានៃតម្លៃទីផ្សារ និងតម្លៃមួយចំនួនវាអាចប្រមូលផ្តុំជាមួយគ្នាបាន ការអនុវត្តទីផ្សារសេរី ការអនុវត្តលទ្ធិប្រជាធិបតេយ្យមួយចំនួន ប៉ុន្តែនៅលើពិពភលោកនេះគ្មានគោលស្តង់ដាណាមួយឱ្យអនុវត្តគ្រប់ប្រទេសទាំងអស់គ្នាទេ គឺត្រូវគោរពតម្លៃ នៃមូលដ្ឋានផង»

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា «អញ្ចឹងនៅកម្ពុជាយើងសិទ្ធិសេរីភាពរបស់បុគ្គល ជាពិសេស ស្ត្រីចាំបាច់ត្រូវតែលើកតម្កើនតែមិនត្រូវហួសព្រំដែន មិនត្រូវឱ្យបាត់បង់នូវអត្តសញ្ញាណដែលជាស្ត្រីខ្មែរ»។ សម្តេចធិបតី បានបញ្ជាក់ថា «នៅប្រទេសខ្លះបើចង់បានការចាប់អារម្មណ៍ ចង់បានទាញអារម្មណ៍គេបានឆាប់ល្បីត្រូវធ្វើឆ្កួតឱ្យច្រើន។ ឥឡូវការវិវឌ្ឍបណ្តាញសង្គម ក៏ដូចជាការផ្តល់រង្វាន់តាមរយៈមានអ្នកចូលមើលច្រើនបានលុយ ពេលខ្លះបានធ្វើឱ្យមនុស្សភ្លេចព្រំដែន ធ្វើអ្វីក៏ហ៊ានធ្វើ ដើម្បីឱ្យមនុស្សចូលមើលច្រើនបានលុយ ប៉ុន្តែភ្លេចគិតថា អ្នកផ្តល់ពិន្ទុនោះនៅខាងក្រៅប្រទេសមិនមែនជាប្រជាជនខ្មែរទេ»

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ប្រសិនពួកគាត់ធ្វើហួសព្រំដែនយើងត្រូវតម្រង់ទិស មិនមែនការអនុវត្តទណ្ឌកម្មនេះជាការធ្វើបាបទេ ប៉ុន្តែជាការតម្រង់ទិសដើម្បីសារមួយប្រាប់ថា «ក្មួយ ប្អូន បានដើរហួសព្រំដែន ហើយក៏ជាសារដើម្បីប្រាប់ដល់អ្នកផ្សេងទៀត សកម្មភាពនេះបានដើរហួសព្រំដែន បើមិនប្រាប់ពួកគាត់ឱ្យដឹងវាជាកំហុសអ្នកណា? បើមិនរាជរដ្ឋាភិបាល មហាជន ហើយកន្លងទៅឃើញមានការហួសព្រំដែនប្រជាពលរដ្ឋ បានបញ្ចេញមតិផ្តល់យោបជាច្រើន»

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «សិទ្ធិសេរីភាពម្ចាង ប៉ុន្តែតម្លៃសង្គម តម្លៃវប្បធម៌ម្ខាង ហើយហ្នឹងសិទ្ធិសេរីភាពរបស់ប្រជាជនជាច្រើន ដែលសំណូមពរដល់ក្រសួងមានវិធានការអប់រំ ក្នុងកម្រិតណាមួយ ឬវិធានការណាមួយដើម្បីឱ្យពួកគាត់កែ អប់រំមិនស្តាប់់ត្រូវអនុវត្តផ្លូវច្បាប់»