2024-01-24 11:01
138

ភ្នំពេញ៖     សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ផ្កាយប្រាំផុតលេខ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ -២៤ មករា ២០២៤ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមអភិបាលរាជធានី-ខេត្ត ប្រធានសេនាអនុព័ន្ធ អនុព័ន្ធយោធាប្រចាំកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ នាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជារង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា៖ ដើម្បីចូលរួមឱ្យបានជោគជ័យនូវចក្ខុវិស័យការពារជាតិយូអង្វែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សំដៅធានាភាពរឹងមាំរៀបរយមានប្រសិទ្ធភាពខ្ពស់ និងចីរភាពលើទំនើបកម្មលើវិស័យការពារជាតិ ក្រសួងការពារជាតិ អគ្គបញ្ជាការ ប្រភេទទ័ព និងទ័ពជំនាញទាំងអស់ចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងយូអង្វែងសំដៅធ្វើឱ្យកងយោធពលខេមរភូមិន្ទរីកចំរើនក្លាយជាកម្លាំងការពារជាតិដ៏រឹងមាំមានសមត្ថកិច្ចភាព គុណភាពគ្រប់គ្រាន់ មានវិន័យម៉ឺងម៉ាត់ស្មោះត្រង់ចំពោះជាតិមាតុភូមិកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ត្រៀមខ្លួនជានិច្ចក្នុងកិច្ចការពារសន្តិភាព ការសន្តិសុខ និងសុវត្ថិភាពសង្គម ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

នាយឧត្តសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងទៀតថា៖ បន្ទាប់ពីបោះឆ្នោតសាកលឆ្នាំ១៩៩៣ ក៏មានការរៀបចំប្រចាប់ចូលគ្នាពីគ្រប់ភាគីជម្លោះទៅជាកងទ័ពជាតិតែមួយ គឺ «កងយោធពលខេមភូមិន្ទ» ហើយអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកត្រូវបានបង្កើយឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ តាមព្រះរាជក្រឹត្យលេខ នសរកត ០១៩៩២១ ដែលមាននាយឧត្តមសេនីយម៍ មាស សុភា ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ។ នៅថ្ងៃទី២៦  ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីកំណែទម្រង់កងយោធពលខេមរភូមិន្ទសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តាមព្រះរាជក្រឹត្យលេខ នសរកត ០៩១៨៩៩៣ ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោក សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវផែនការកំណែទម្រង់ និងកសាងកងទ័ពជើងគោករយៈពេល២០ឆ្នាំ ២០១៨-២០៣៨ ដោយកំណត់ការងារអទិភាពមួយចំនួន មានដូចជា៖ ពង្រឹងផែនប្រៀបការពារជាតិ កែសម្រួលកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងកសាងហេដ្ឋារចនាសម័្ពន្ធគ្រប់ប្រភេទឱ្យស្រមតាមស្ថានភាពតាមព្រំដែន កសាងអគារស្នាក់នៅជំរុំជំរករាលបណ្តាកងឯកភាពតាមបន្ទាត់ព្រំដែន កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹក និងកងការពារព្រំដែន ការលំអកម្មវិធីហ្វឹកហ្វឺនតាមសាលា អង្គភាព និងបណ្តុះបណ្តាលកសាងយោធាចារ្យវ័យក្មេងគ្រប់ជំនាញគ្រប់សាលា និងធ្វើទំនើបកម្មសម្ភារៈ និងសព្វាវុធគ្រប់ប្រភេទតាមដំណាក់កាល ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជារង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថាៈ ចំពោះលទ្ធផលដែលកងទ័ពជើងគោកសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក រួមមាន៖ កិច្ចការពារព្រំដែន និងសន្តិសុខជាតិៈ កងទ័ពជើងគោកបានបំពេញភារកិច្ចស្នូលការពារអធិបតីភាព បូរណភាពទឹកដី និងបានពង្រឹងភាពម្ចាស់ការស្នេហាជាតិ ឆន្ទៈមុះមុតក្នុងកិច្ចការពារជាតិ ពង្រឹងប្រៀបការពារជាតិ ពង្រឹងសន្តិសុខនៅតាមបន្ទាត់ព្រំដែនដោយល្បាត និងគ្រប់គ្រងសភាពការណ៍ជាប់ជាប្រចាំ ព្រមទាំងរួមចំណែកការអភិវឌ្ឍន៍តាមព្រំដែនយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺ «មិនឈ្លានពានគេ ហើយក៏មិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីលីម៉ែត្រ និងកសាងតំបន់ព្រំដែនឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ  និងការអភិវឌ្ឍន៍» ។ ក្រៅពីនោះកងទ័ពជើងគោកបានចូលរួមសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធការពារស្ថេរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ការពារសន្តិសុខក្នុងពិធីបុណ្យជាតិ និងអន្តរជាតិនានា ការពារថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងប្រតិភូជាន់ខ្ពស់អន្តរជាតិដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមទប់ស្កាត់រាល់វិធាំងសេនា បដិវត្តន៍ពណ៌ ភេវកម្ម និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ។

នាយឧត្តមសេនីយ៍បានថ្លែងទៀតថាៈ កងទ័ពជើងគោកបានអនុវត្តស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ យុទ្ធសាស្ត្រការពារជាតិតម្រូវការចាំបាច់នានារត្រូវឈរលើបទពិសោធន៍ និងមានបញ្ហាប្រឈមការឡានុវត្តភាព និងបានធ្វើការកំណែទម្រុង កែសម្រួលរចនាសម័្ពន្ធតួនាទីដល់គ្រប់បណ្តាកងឯកភាព ពង្រឹងការហ្វឹកហ្វឺន កសាងហេដ្ឋាចរនាសម័្ពន្ធគ្រប់ប្រភេទ សិក្សាតាមប្រព័ន្ធបច្ចេកវិទ្យាទមនើប និងការបណ្តុះបណ្តាលក្នុងប្រទេសជាយុទ្ធសាស្ត្រក្នុងការកសាងធនធានមនុស្ស ។ ដោយមានការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត កងទ័ពជើងគោកបានកសាងសាលាជំនាញ និងទីលានបាញ់គ្រប់ពិតថ្នាក់វរសេនាតូច កងពលធំចម្រុះជាដើម ៕