2024-05-16 07:05
118

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញបញ្ជាក់ជាថ្មីម្ដងទៀត ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដោយសម្ដេចតេជោ បានបញ្ជាក់ថា៖ «គម្រោងនៃការជីកព្រែកនេះ ជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់ប្រទេសកម្ពុជា មិនមែនជាគំនិតរបស់ប្រទេសចិននោះទេ»។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។
   ថ្លែងជាសាធារណៈទៅកាន់ប្រជាពលរដ្ឋខ្មែរ និងជាការឆ្លើយតបទៅកាន់ក្រុមអ្នកប្រឆាំងផ្កាប់មុខ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយថា៖ «មានកាសែតបរទេស បានចុះផ្សាយព័ត៌មានថា ព្រែកជីកហ្វូណននេះ ជាគំនិតផ្ដួចផ្ដើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ត្រង់ចំណុចនេះ ខ្ញុំគូសបញ្ជាក់ថា “ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្ដួចផ្ដើមគំនិតទាំងស្រុង ដោយភាគីកម្ពុជា ចិនមិនបានដឹងរឿងនេះទេ”។ យើងគ្រាន់តែបានពិភាក្សា និងឱ្យមានការចូលរួមក្នុងការសិក្សា ហើយកម្ពុជាបានស្វះស្វែងរកក្រុមហ៊ុនចិន ដើម្បីវិនិយោគរួមគ្នាជាមួយកម្ពុជា ដើម្បីបង្កើតឡើងនៅការជីកព្រែកមួយនេះ»។ 
  សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «ដូច្នេះសូមអ្នកដែលតែងតែចោទប្រកាន់អំពីក្របខណ្ឌយុទ្ធសាស្រ្ដនយោបាយ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះ ព្រោះវាជាការឆោតល្ងង់ ដែលអ្នកទាំងឡាយ ធ្វើការលើកឡើងដោយមិនដឹងឫសគល់នៃបញ្ហាគំនិតផ្ដួចផ្ដើម គឺចេញពីកម្ពុជាសុទ្ធសាធ»។

  សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបន្ដថា៖ «គម្រោងនេះ នៅពេលដែលសម្ដេចតេជោទៅសាធារណៈរដ្ឋមានិតចិន សម្តេចក៏បានសុំឱ្យភាគីចិនគាំទ្រ ពេលរដ្ឋមន្ដ្រីការបរទេសចិនមកកាន់កម្ពុជា សម្តេចក៏ស្នើសុំឱ្យគាត់គាំទ្រ ដោយគាត់មិនបានដឹងរឿងនេះនោះទេ ដូច្នេះវាមិនមែនស្ថិតនៅក្នុងក្របខណ្ឌ នៃខ្សែក្រវ៉ាត់ និងផ្លូវ ដែលចាត់ទុករឿងនេះ វាជាគំនិតផ្ដួចផ្ដើមរបស់ចិននោះឡើយ តែនេះជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ដែលជាផលចំណេញខាងសេដ្ឋកិច្ច និងឯករាជ្យភាពខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនតាមផ្លូវទឹក»៕