2024-06-21 10:06
31

ភ្នំពេញ៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងថា៖ «ការគិតគូរអំពីស្តង់ដារបច្ចេកទេស សុវត្ថិភាព និងស្តង់ដារបរិស្ថាន សម្រាប់រថយន្តជាកិច្ចការសំខាន់ដែលត្រូវយកចិត្តទុកដាក់ ក៏ប៉ុន្តែយើងមិនទាន់មានការចាំបាច់ក្នុងការដាក់ចេញនូវវិធានការកំណត់ឆ្នាំផលិតសម្រាប់ការអនុញ្ញាតឱ្យនាំចូលរថយន្តនោះទេ ដើម្បីទុកលទ្ធភាព និងភាពបត់បែនជូនប្រជាពលរដ្ឋ អាចទិញរថយន្តនាំចូលដោយតម្លៃសមរម្យ និងសម្បូរបែប»។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះខ្លឹមសាររំឭកឡើងវិញបែបនេះ នៅលើប្រព័ន្ធតេឡេក្រាមផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ អំពីយន្តការលើកឡើងក្នុងការហាមឃាត់មិនអនុញ្ញាតឱ្យនាំចូលរថយន្តដែលមានអាយុលើក១០ឆ្នាំ ក្នុងឆ្នាំ២០២៤ និងមិនអនុញ្ញាតឱ្យនាំចូលរថយន្តមានអាយុកាលលើក៥ឆ្នាំ ក្នុងឆ្នាំ២០៣០ ដើម្បីការពារសុវត្ថិភាព និងការពារបរិស្ថាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា៖ «ចំពោះការកំណត់ឆ្នាំរថយន្តឱ្យនាំចូលមកប្រទេសកម្ពុជាមិនទាន់មានការការចាំបាច់កំណត់នោះទេហើយអ្វីដែលត្រូវយកចិត្តទុកដាក់ គឺត្រូវពង្រឹងយន្តការអនុវត្តដែលមានស្រាប់ក្នុងការត្រួតពិនិត្យបច្ចេកទេសយានយន្ត ឲ្យបានម៉ត់ចត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅបានហើយ»។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា៖ «ក្នុងការប្រជុំមួយមានការគិតគូរអំពីការនាំចូលរថយន្តកំណត់ឆ្នាំ ប៉ុន្តែសម្តេចបានបដិសេធ ប៉ុន្តែត្រូវយកចិត្តទុកដាក់លើយន្តការត្រួតពិនិត្យបច្ចេកទេសដែលយើងកំពុងមានស្រាប់ឱ្យមានរឹងមាំទើបជាការល្អជាង»។ 

សម្តេចធិបតីបានបន្ថែមទៀតថា៖ «ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋរមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានគិតគូរអំពីរឿងបរិស្ថាន បានលើកជាយោបលដល់សម្តេចឱ្យហាមមិនអនុញ្ញាតនាំចូលនូវរថយន្តដែលមានអាយុកាលលើក១០ឆ្នាំ ក្នុងឆ្នាំ២០២៤ និងដល់ឆ្នាំ២០៣០ ហាមមិនឱ្យនាំចូលរថយន្តមានអាយុលើស៥ឆ្នាំ ដើម្បីធានាថារថយន្តល្អ មានសុវត្ថិភាព និងគុណភាព ព្រមទាំងធានាបានការការពារបរិស្ថាន សម្តេចបដិសេធ និងប្រាប់ឱ្យដកចោលទៅ ព្រោះដល់ម៉ោងនេះមិនទាន់មានការចាំបាច់ ហើយរថយន្តរត់តាក់ស៊ីខ្លះមិនអាចមានលទ្ធភាពទិញរថយន្តមានអាយុក្រោម៥ឆ្នាំមករត់តាក់ស៊ីបានទេ វាមានតម្លៃថ្លៃ ត្រូវពង្រឹងប្រព័ន្ធត្រួតពិនិត្យបច្ចេកទេសរថយន្ត ព្រោះក្នុងមួយឆ្នាំ ត្រូវត្រួតពិនិត្យបច្ចេកទេសម្តង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា៖ «ទោះបីរថយន្តនោះមានអាយុកាលលើស១០ឆ្នាំ ឬ៥ឆ្នាំ បើកមិនខុសលក្ខណបច្ចេកទេសយើងកុំឱ្យវាធ្វើចរាចរលើដងផ្លូវ ពីព្រោះមានមានប្រជាពលរដ្ឋខ្លះយករថយន្តស៊េរីចាស់មកប្រើប្រាស់យ៉ាងច្រើន ដូច្នេះត្រូវពង្រឹងការត្រួតពិនិត្យបច្ចេកទេសរថយន្តដែលមានស្រាប់»។ សម្តេចបានបន្ថែមថា៖ ខ្ញុំយល់ពីការថែទាំបរិស្ថាន មិនចង់ឱ្យនាំចូលរថយន្តចាស់ៗចូលមកប្រទេសកម្ពុជាទេ ព្រោះខុសបច្ចេកទេសអាចគ្រោះថ្នាក់ ដូចជាមានការកាត់តអីផ្សេងៗ អញ្ចឹងមិនចាំបាច់ដាក់កំណត់ឆ្នាំនាំចូលរថយន្តទេ ប៉ុន្តែត្រូវពង្រឹងការត្រួតពិនិត្យរថយន្តឱ្យបានច្បាស់លាស់ទើបជាការត្រឹមត្រូវ»៕