2024-01-23 05:01
176

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «វិស័យសារព័ត៌មាន គឺជាកាតាលីករដ៏សំខាន់ ដូចជាការបង្កើតខ្លឹមសារ ជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញពីតាក់តភាពសង្គម និងការអភិវឌ្ឃ»។ សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាៈ ជាក់ស្តែងក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសនាពេលកន្លងមកវិស័យព័ត៌មានបានរួមចំណែកដោយផ្នែកលើមុខងារសំខាន់ៗដូចជា៖ ទី១- ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្នែកលើមូលដ្ឋាននីតិរដ្ឋ, ទី២- បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល, ទី៣- ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង, ទី៤- ជាច្បាប់ត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និង ទី៥- ចូលរួមចំណែកកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូលនៅក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ែណែត បានបញ្ជាក់ថា «អំណាចសារព័ត៌មាន គឺជាអំណាចទី៤ ប្រសិនប្រើប្រាស់ត្រូវមានសារសំខានណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថេរភាព សម្រាប់ផ្តល់ថាមពលឱ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការប្រសិទ្ធភាព» ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា «ប្រជាពលរដ្ឋមានសិទ្ធទទួលបានព័ត៌មានពាក់ព័ន្ធនឹងសង្គមជាតិ និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ តាមរយៈការទទួលបានព័ត៌មាន គ្រប់មធ្យោបាយ និងគ្រប់ច្រក ព្រោះបច្ចុប្បន្នបច្ចេកវិទ្យាទំនើបបានធ្វើវិមជ្ឈការក្នុងការប្រមូល ឬផ្តល់ព័ត៌មានដែលសព្វថ្ងៃនេះ យើងមានអង្គភាពសារព័ត៌មានរហូតដល់ជាង ២ ០០០អង្គភាព និងមិនត្រូវការច្រើនដូចមុនទេ ដោយមិនចាំបាច់មានរោងពុម្ភ ជួលផ្ទះ អ្នកសរសេរព័ត៌មាន ឥឡូវ TV Online មានអាជ្ញាប័ណ្ណ និងបង់ថ្លៃ Internet បុគ្គិលប៉ុន្មាននាក់ក៏អាចធ្វើបានដូចគ្នា» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ទៀតថា «សម្រាប់ប្រជាពលរដ្ឋអ្នកទទួលព័ត៌មានក៏ទទួលបានព័ត៌មានច្រើនប្រភពដើម្បីដឹង និងការសម្រេចចិត្ត ឧទាហរណ៍បញ្ហាចរាចរណ៍ផ្លូវណាមានការកកស្ទះចរាចរណ៍ ស្ថានភាពទឹកជំនន់ ព្យាករណ៍អាកាសធាតុជាដើមអាចដឹងមុនតាមរយៈព័ត៌មានការទទួលព័ត៌មានពិតប្រាកដ»៕