2024-02-03 04:02
131

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តប្រកបដោយមោទនភាពចំពោះភាពសកម្ម និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលបន្តវេនដែលមានអាយុទើបតែបានជាង៥ខែ។ 

ខាងលើនេះ គឺជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម នៅរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក ប៉ែន បូណា បានសរសេរថា៖ ការវាយតម្លៃរបស់សម្តេចធិបតីមិនខុសអ្វីពីចាស់ទុំក្នុងបក្សនិងប្រជាពលរដ្ឋទូទៅនោះឡើយ ពោលគឺរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាបញ្ចេញស្នាដៃល្អហួសពីការរំពឹងទុក។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏បានបន្ថែមទៀតថា៖ អាយុតិចតែធ្វើការច្រើន វ័យក្មេងតែសមត្ថភាពចាស់ទុំ ពេលវេលាខ្លី តែដើរបានឆ្ងាយ ...ទាំងនេះ គឺជាលក្ខណសម្បត្តិពិសេស និងលេចធ្លោនៃរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ លក្ខណសម្បត្តិពិសេសនេះបានស្តែងឡើងតាមរយៈអាយុកាលរបស់រាជរដ្ឋាភិបាលថ្មី និងវ័យរបស់ថ្នាក់ដឹកនាំធៀបនិងសកម្មភាពការងារនិងលទ្ធផលដែលទទួលបាន។

ជាការពិត ក្តីបារម្ភធំបំផុតរបស់កម្ពុជាក្នុងដំណាក់កាលផ្ទេរអំណាចឱ្យអ្នកបន្តវេនគឺ ខ្លាចក្រែងអ្នកដឹកនាំស្រករក្រោយមិនអាចរក្សាបានសមិទ្ធផលដែលសាងឡើងដោយរៀមច្បងជំនាន់មុន ខ្លាចក្រែងអ្នកបន្តវេនមិនអាចបោះជំហានទៅមុខដោយខ្លួនឯងបាន និងខ្លាចក្រែងអ្នកជំនាន់ថ្មីដើរខុសគន្លងដែលបានត្រួយត្រាយដោយអ្នកជំនាន់មុន។ 

ប៉ុន្តែ ក្តីបារម្ភនេះបានរសាត់បាត់ទៅវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមត្ថភាព និងភាពជាអ្នកដឹកនាំដ៏គួរឱ្យជឿជាក់តាំងពីនាទីដំបូងនៃការចូលកាន់តំណែង។ លោក ប៉ែន បូណាបានបន្ថែម។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បញ្ជាក់ថា៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពសង្គម ដែលជាសេចក្តីត្រូវការសំខាន់ជាងគេបង្អស់របស់កម្ពុជាត្រូវបានថែរក្សាយ៉ាងល្អបំផុត។ បន្ថែមពីលើនេះ ការដាក់ចេញយុទ្ធសាស្ត្រដឹកនាំល្អ និងមានប្រតិបត្តិករសកម្ម បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជារៀមច្បងក្នុងជួរគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានវាយតម្លៃដោយមោទនភាពថា ក្រុមអ្នកបន្តវេនថ្មីពិតជាធ្វើបានល្អហួសពីការរំពឹងទុក ទាំងកិច្ចការក្នុងប្រទេសនិងការងារការទូត។ 

ទោះបីជាការបន្តវេនបានធ្វើឡើងក្នុងបរិបទដែលពិភពលោកមានភាពមិនច្បាស់លាស់ ប៉ុន្តែ ត្រឹមតែជាង៥ខែដំបូងប៉ុណ្ណោះ រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នៃរដ្ឋសភា ទទួលបានប្រជាប្រិយភាពយ៉ាងខ្ពស់ ហួសពីការស្មាន ធៀបនិងរយៈពេលចេញដំណើរ។  នេះគឺជាភាពស័ក្តិសមនៃអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕