2024-02-05 09:02
134

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូតូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ 

នេះបើយោងអនុក្រឹក្យរបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពី ទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យម ដែលបណ្តាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី០៥ ខែកុម្ភៈនេះ។ 
ក្នុងអនុក្រឹក្យបានកំណត់ឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវរៀបចំ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សានានា និងភាគីពាក់ព័ន្ធ។ 

គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សានានា និងភាគីពាក់ព័ន្ធ ត្រូវចូលរួមបំផុសស្មារតីគាំទ្រទិវាជាតិនេះ និងសហការរៀបចំការតាំងបង្ហាញនូវផលិតផលដែលជាស្នាដៃរបស់ផលិតករ សេវាករ អាជីវករ និងសិប្បករក្នុងស្រុក៕