2024-01-11 04:01
154

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត ជាប្រទេសផ្តល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រីក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម និងធុរកិច្ច ព្រមទាំងទទួលបានតួនាទីកាន់តែច្រើន នៅក្នុងសមាសភាពស្ត្រីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិតទាំងក្នុងអង្គនិតិបញ្ញាតិ អង្គនិតិប្រតិបត្តិ និងតុលាការ ហើយស្ត្រីក្នុងតួនាទីសម្រេចមុខងារសាធារណមាន ចំនួន ២៧% និងមន្ត្រីរាជកាជាស្ត្រីមាន ចំនួន ៤២% នៅឆ្នាំ២០២២នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា វត្តមាន និងភាពជោគជ័យរបស់ស្ត្រីក្នុងគ្រប់វិស័យ រួមមាន វិស័យធុរកិច្ច សិល្បៈ កីឡា សន្តិសុខ ការពារជាតិ ក៏ដូចជាតួនាទីក្នុងការដឹកនាំកាន់តែមានការរីកចម្រើន និងកាន់ច្រើនឡើង។ សម្តេចបន្ថែមថា ប្រសិនបើផ្តល់ឱកាសស្មើគ្នាស្ត្រីក៏មានលទ្ធភាពក្នុងការទាញយកនូវសក្កតានុពលដែលអាចធ្វើបានប្រកបដោយភាពជោគជ័យ៕