2023-12-16 03:12
252

តូក្យូ៖ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានលើកឡើងថា «កម្ពុជា ជាប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់ អង្គការសហប្រជាជាតិ  ប៉ុន្តែមកដល់បច្ចុប្បន្នកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវចូលរួមចំណែក ថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ហើយទាំងនេះ គឺជាមេរៀន និងពិសោធន៍ដ៏ល្អដែលអាចរៀនសូត្រពីកម្ពុជា»

ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នាឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

នាយឧត្តមសេនីយ៍ YOSHIDA Yoshihide អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចដល់រូបលោក និងគណៈប្រតិភូកងកម្លាំងស្វ័យការពារជប៉ុន យ៉ាងកក់ក្តៅជាទីបំផុត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ។ 

នាយឧត្តមសេនីយ៍ YOSHIDA Yoshihide ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាពិសេស ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្តែងការគួរសម។  ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានបង្ហាញនូវឆន្ទៈប្រឹងប្រែងក្នុងការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងកងកម្លាំងស្វ័យការពារជប៉ុន ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ 

នៅក្នុងជំនួបនេះដែរ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide ក៏បានថ្លែងនូវការកោតសរសើរចំពោះគំរូវីរភាពរបស់កម្ពុជា ដែលនៅក្នុងឆ្នាំ១៩៩១ គឺជាប្រទេសដែលទទួលកងកម្លាំងរក្សាសន្តិភាពមួកខៀវ របស់អង្គការសហប្រជាជាតិ (អ.ស.ប.) ប៉ុន្តែមកដល់បច្ចុប្បន្នកម្ពុជា ក៏បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនក្រោមឆត្រ អ.ស.ប. ដើម្បីបំពេញបេសកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ជាពិសេសលើផ្នែកបោសសម្អាតមីន និងជំនួយមនុស្សធម៌ ហើយទាំងនេះ គឺជាមេរៀន និងពិសោធន៍ដ៏ល្អ ដែលអាចរៀនសូត្រពីកម្ពុជាបាន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide ព្រមទាំងសហការី និងបានបង្ហាញនូវក្តីរីករាយដែលបានជួបពិភាក្សាការងារសាជាថ្មី ដោយបានរំឭកផងដែរថា «កាលពីនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតីផ្ទាល់បានជំរុញទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) ក្នុងគោលបំណង ដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង ជាពិសេសជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង ឱ្យមានលក្ខណៈសកម្ម និងរស់រវើក ប្រកបដោយអនាគតវែងឆ្ងាយ។

មុនបញ្ចប់ សម្តេចធិបតី និង នាយឧត្តមសេនីយ៍ ក៏បានបេ្តជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាអាទិ៍៖ «កិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន, ការធ្វើលំហាត់រួមគ្នា ក្នុងជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ, ការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីទស្សនកិច្ចសិក្សារបស់សិក្ខាកាមយោធិនកម្ពុជា នៅប្រទេសជប៉ុន ជាដើម»