2024-04-03 03:04
80

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ត្រូវបានសមាជិកព្រឹទ្ធសភា សរុបចំនួន ៦២រូប បោះឆ្នោតគាំទ្រ ជាប្រធានព្រឹទ្ធសភាសម្រាប់អាណត្តិទី៥ ក្នុងនោះ លោក ប្រាក់ សុខុន និង លោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី១ និងអនុប្រធានទី២។ 

ព្រឹទ្ធសភាបានបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ 

សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភានេះ សម្ដេចតេជោ ហ៊ុន សែន ទទួលបានសំឡេងគាំទ្រជាឯកច្ឆ័ន្ទ ពីអង្គបោះឆ្នោត ចំនួន ៦២សំឡេង ដោយបែងចែកជា ៣ដំណាក់កាល គឺបោះឆ្នោតជ្រើសប្រធាន, អនុប្រធានទី១ និងអនុប្រធានទី២ ។ 

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយ ចំនួន ០៤ ចូលរួមប្រកួតប្រជែង រួមមាន ៖គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ។

តាមរយៈលទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥ អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣ អាសនៈ (១អាសនៈនៅភូមិភាគទី២ ,ភូមិភាគទី៤ និងភូមិភាគទី៦) ។

សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាមានចំនួនស្មើនឹងពាក់កណ្តាល នៃសមាជិករដ្ឋសភា។ ក្នុងនោះសមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន ។ 

ចំពោះសមាជិកព្រឹទ្ធសភាពីរអង្គ ដែលចាត់តាំងពីព្រះមហាក្សត្រ រួមមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ ដោយឡែកសមាជិកព្រឹទ្ធសភាពីររូប ជ្រើសតាំងដោយរដ្ឋសភា រួមមាន៖ លោក សុខ ឥសាន និងលោក ហេង ហាលីម ។

ក្រោយទទួលបានការផ្ដល់សេចក្តីទុកចិត្តហើយ សមាជិកព្រឹទ្ធសភាទាំងអស់ នឹងត្រូវស្បថចូលកាន់តំណែង នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងព្រះបរមរាជវាំង ៕