2023-12-22 05:12
168

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់ឆ្នាំសិក្សា២០២៤-២០២៥។
    នៅក្នុងឱកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់និស្សិតចេញទៅបន្តការសិក្សានៅក្រៅប្រទេស សូមកុំភ្លេចជាតិរបស់ខ្លួន គ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ ហើយត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកនូវចំណេះដឹង មកបំរើជាតិអោយកាន់តែរីកចំរើន។ 
    រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរំលឹក និងផ្តាំផ្ញើដល់ប្អូនៗនិស្សិតទាំងអស់ដែលទទួលបានអាហាររូបករណ៍ទៅរៀននៅបរទេសត្រូវចាំថា «និស្សិតម្នាក់ គឺជាឯកអគ្គរាជទូតតំណាងឲ្យកម្ពុជា» ក្រៅពីការទទួលបានចំណេះដឹង ជំនាញ តែប្អូនៗនិស្សិត ជាអ្នកផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ សាសនា ឲ្យជនបរទេសបានដឹងបានស្គាល់កម្ពុជាពិតកាន់តែច្បាស់។
   រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ប្អូនៗនិស្សិតដែលត្រូវចេញទៅបន្តការសិក្សានៅក្រៅប្រទេស គឺជាធនធានមនុស្សដ៏សំខាន់ និងជាអ្នកបន្តវេន ក្នុងការដឹកនាំក្រសួង ស្ថាប័ន និងប្រទេសជាតិ ពិសេសការរក្សា និងការពារសុខសន្តិភាព ឲ្យបានល្អ រឹងមាំជារៀងរហូត»។
    រដ្ឋមន្រ្តីក៏បានផ្តាំផ្ញើដល់ប្អូនៗយុវជនដែលជាអ្នកបន្តវេន សូមកុំបំផ្លាញនូវអ្វីដែលជាសមិទ្ធិផលរបស់អ្នកចាស់ខិតខំកសាង និងរក្សាបាននាពេលបច្ចុប្បន្ននេះ «រក្សាចាស់ បង្កើតថ្មី»។
   កញ្ញា ធលធឿន ចាន់រស្មី ដែលត្រូវទៅសិក្សាបន្តថ្នាក់បណ្ឌិតផ្នែកអប់រំ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់ឆ្នាំសិក្សា ២០២៤-២០២៥ បានធ្វើរបាយការណ៍ជម្រាបជូនថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥ រដ្ឋាភិបាលនូវែលសេឡង់ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាដល់បេក្ខជន-បេក្ខនារីសរុបចំនួន ៣០រូប លើមុខជំនាញសំខាន់ៗដូចជា ការអប់រំ សំណង់ បរិស្ថាន បច្ចេកវិទ្យាព័ត៌មាន គោលនយោបាយ សាធារណៈ ទំនាក់ទំនងអន្តរជាតិ និងធុរកិច្ច ឌីជីថល ដើម្បីចូលរួមចំណែកជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
   បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតជ័យលាភីអាហាររូបករណ៍ទាំងអស់ នឹងត្រូវត្រឡប់មកបម្រើជាតិមាតុភូមិ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជាស្របតាមយុទ្ធសាស្រ្តបច្ចកោណ និងសក្តានុពលជំនាញរៀងៗខ្លួន។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូននូវថវិកាមួយចំនួន ជាការលើកទឹកចិតដល់ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់ ឆ្នាំសិក្សា ២០២៤-២០២៥៕