2024-01-24 04:01
139

ក្នុងឱកាស បិទ ការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ កាលល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធ កីឡាជឺជីតស៊ូកម្ពុជា បាន កត់សម្គាល់ឃើញថា ការប្រកួតឆ្នាំនេះ កម្រិតបច្ចេកទេស កីឡាករ-កីឡាការិនីភាគច្រើនមានការរីកចម្រើនជាងមុន បើប្រៀបធៀបជាមួយនឹងឆ្នាំកន្លងទៅ ។ 

ឯកឧត្តម បានបញ្ជាក់ថា ការរីកចម្រើននេះដោយសារ កីឡាករ-កីឡាការិនី បានចូលរួមប្រកួត ច្រើនលើកច្រើនសារ ទទួលបាន បទពិសោធន៍ច្រើន គួបផ្សំនឹងគ្រូបង្វឹកមានជំនាញ និងទេពកោសល្យបង្ហាត់ ដែលធ្វើឱ្យកីឡាករ-កីឡាការិនីឆាប់យល់ និងឆាប់ចាប់បាន ។ 

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ទោ មួន វាសនា តំណាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា កីឡាបានផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន ហើយការលេងកីឡាបានផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងភាតរភាព មានចិត្តអំណត់ និងគ្មានការគុំគួន រាងកាយមាំមួនល្អ និងលូតលាស់បានល្អ មានភាពរហ័ស               រហួន មិនស្ពឹកស្រពន់ មានសុខភាពល្អ បញ្ញាឈ្លាសវៃ និងមានសមត្ថភាពការពារខ្លួន អាចរកបាននូវប្រាក់កម្រៃ និងចំណូលផ្ទាល់ខ្លួន មានកិត្តិយសដល់ក្រុមគ្រួសារ និងសង្គមជាតិផងដែរ ។

ឯកឧត្តម មានប្រសាស៍ថា កីឡាជឺជីតស៊ូ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)  ទទួលបានការឧបត្ថម្ភផ្ទាល់ពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC ហើយក្នុងការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះ គឺជាឆ្នាំដំបូង ដែលក្លឹបកីឡាជឺជីតស៊ូ CMAC បានចូលរួមប្រកួត ហើយក្លឹបចំណូលថ្មីមួយនេះនឹងត្រៀមខ្លួន ក្នុងការចូលរួមប្រកួតនៅឆ្នាំខាង                      មុខ។

ឯកឧត្តម មួន វាសនា បានអះអាងថា នឹងខិតខំកាស ធនធានអត្តពលិក ឱ្យបានច្រើនប្រកបដោយគុណភាព រួមចំណែកជាមួយ សហព័ន្ធជំនាញ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ និងស៊ីហ្គេម ជាបន្តបន្ទាប់ ជាពិសេសការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នៅកម្ពុជា នាឆ្នាំ២០២៩ខាងមុខ។

សូមជម្រាបជូនថា ក្នុងការប្រកួតនេះ មានសមាគម-ក្លឹប ចំនួន ០៩ មានកីឡាករ ៨៩នាក់ កីឡាការិនី ៣៥នាក់ គ្រូបង្វឹកចំនួន ១៥នាក់ ប្រតិភូដឹកនាំ ០៩នាក់  ប្រកួតលើ ១៩វិញ្ញាសារយៈពេល២ថ្ងៃ គឺថ្ងៃទី២០និងទី២១ខែមករាឆ្នាំ២០២៤ ដោយជ័លាភី គញរប់វិញ្ញាសាត្រូវបានគណៈអធិបតីផ្ដល់កិត្តិយស បំពាក់មេដាយ និងផ្ដល់រង្វាន់ជូនផងដែរ   ៕