2023-12-24 01:12
171

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាន នៃកិច្ចប្រជុំ គឺនាយឧត្ដមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ 
   អញ្ជើញអម សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង រួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល ដែលកិច្ចប្រជុំនេះ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង»ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើងវិញ នូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យ នៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

   ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡាងឆាងមានឯកសារចំនួន៣ គ្រោងនឹងអនុម័ត រួមមាន៖ ១- សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ, ២- ផែនការសកម្មភាពប្រាំឆ្នាំ ស្ដីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និង ៣- គំនិតផ្តួចផ្តើមរួម ស្ដីពី ការអភិវឌ្ឍច្រករបៀងនវានុវត្តន៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
   កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំ ស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕