2024-05-01 01:05
54

ខេត្តព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាទៅកាន់រដ្ឋមន្ត្រីអប់រំលោក ហង់ ជួនណារ៉ុន ឱ្យសម្រេចដល់សាលានានាមានសិទ្ធិផ្អាកការសិក្សាបណ្ដោះអាសន្នសិនក្នុងករណីដែលកម្ដៅក្ដៅខ្លាំង។ ការបញ្ជានេះធ្វើឡើងបន្ទាប់ពីសម្ដេចបានឃើញការលំបាកសិក្សារបស់សិស្សានុសិស្សជាពិសេសក្មេងតូចៗដែលសិក្សាក្នុងស្ថានភាពក្ដៅខ្លាំងដូចបច្ចុប្បន្ន។ 

ថ្លែងក្នុងជំនួបជាមួយបុគ្គលិកធ្វើការនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ម្សិលមិញតាមសាលាកន្លែងខ្លះឃើញតាមហ្វេសបុក កន្លែងខ្លះសិស្សត្រូវដាក់កន្សែងត្រជាក់ជ្រលក់ទឹកយកមកដាក់លើក្បាលនៅអង្គុយរាប់ម៉ោងមិនល្អទេ! ថ្ងៃណាក្ដៅខ្លាំងគឺឱ្យគណៈគ្រប់គ្រងផ្អាកឱ្យសិស្សសម្រាកចុះព្រោះវាអត់ចំណេញទេក្នុងមួយថ្ងៃនេះហើយអត់អាចឱ្យក្មេងតូចៗទៅអង្គុយនៅកន្លែងមិនអំណោយផលហើយក្ដៅខ្លាំងទេ»។
ក្នុងលិខិតផ្ញើទៅកាន់ប្រធានមន្ទីរអប់រំទាំងអស់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីអប់រំលោក ហង់ ជួនណារ៉ុន បានសម្រេចឱ្យសាលាទាំងអស់ផ្លាស់ប្ដូរម៉ោងសិក្សាតាមលទ្ធភាពជាក់ស្ដែងដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ និងពេលរសៀលចូលរៀនម៉ោង២ ចេញម៉ោង៥ល្ងាច ខណៈប្រសិនជាមានសីតុណ្ណភាពឡើងខ្លាំងលើពីការគ្រប់គ្រងបានសាលាមានសិទ្ធសម្រេចជាក់ស្ដែង។ 

ការប្រែប្រួលអាកាសធាតុជាពិសេសការក្ដៅហួតហែងមួយរយៈចុងក្រោយនេះបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការសិក្សារបស់សិស្សាសុសិស្សជាខ្លាំង។ យោងតាមស្ថានភាពអាកាសធាតុពេលបច្ចុប្បន្នកម្ពុជារងសម្ពាធទាបដែលធ្វើឱ្យកំដៅក្នុងប្រទេសនៅចន្លោះពី២៦ ដល់៣៩អង្សារ។

សូមបញ្ជាក់ថា ៖ ការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យមានការឡើងកម្ដៅខ្លាំង អាចបង្កហានិភ័យដល់សុខភាពដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ដើម្បីថែរក្សាសុខភាពនិងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុ ក្តៅខ្លាំងនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំ ដល់បុគ្គលិកអប់រំនិងអ្នកសិក្សានៅគ្រប់ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នូវវិធានការការពារ មិនខុសពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាទៅកាន់រដ្ឋមន្ត្រីអប់រំលោក ហង់ ជួនណារ៉ុន ឱ្យសម្រេចដល់សាលានានាមានសិទ្ធិផ្អាកការសិក្សាបណ្ដោះអាសន្នសិនក្នុងករណីដែលកម្ដៅក្ដៅខ្លាំង ៕