2024-01-13 09:01
155

ភ្នំពេញ៖ នៅព្រឹក ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង នៅថ្ងៃ១៨ -១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញពីសំណាក់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។ 

ចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីសវិញ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លាស ភ្ជាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូសប្រទេសស្វីស។ 

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ 

ជំនួបកំពូលនេះ ផ្ដល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការសកម្មភាពដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួននឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។ 

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏នឹងអនុញ្ញាតជូនលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងលោក Geoffroy ROUX DE BEZIEUX ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ 

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងបារាំង ឱ្យកាន់ត រឹងមាំ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមវេទិកាធុរកិច្ច មានជំនួបដាច់ដោយឡែកជាមួយក្រុមហ៊ុនបារាំងមួយចំនួន និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន រួមទាំងឯកសារស្តីពី ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងសម្ព័ន្ធភាពដៃគូហ្វ្រង់កូហ្វូនី (APF) ផងដែរ។ 

ក្នុងដំណើរបំពេញបេសកកម្មការងារនៅទ្វីបអឺរ៉ុប សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សាតាមបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបផងដែរ។ 

អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បំពេញបេសកកម្មការងារនៅទ្វីបអឺរ៉ុប នាពេលនេះ រួមមានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕