2024-02-06 11:02
141

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងថា៖ «រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាប្រមាណ ជាង ១០០លានដុល្លារ ដើម្បីទុកជួយអន្តរាគមន៍ដល់វិស័យកសិកម្ម នៅពេលប្រជាកសិករ មានបញ្ហាប្រឈមនានា ដែលកើតមានឡើង»។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ការដាក់ចេញនូវយុទ្ធការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតផលទីផ្សារ រក្សាលំនឹងកសិផលផ្សេងៗដែលយើងគ្រោង ១០០លានដុល្លារនោះ ដើម្បីជួយកសិករដែលមានការប្រឈមមួយចំនួនដើម្បីរក្សាតម្លៃ»។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា «រាជរដ្ឋាភិបាលមិនមែនទៅចិញ្ចឹមកសិករឡើយ  ប៉ុន្តែរាជរដ្ឋាភិបាលអន្ដរាគមន៍ជួយកិច្ចការងារមួយចំនួន ដើម្បីឲ្យកសិករមានលំនឹងហើយឆ្នាំនេះតម្លៃស្រូវក៏មានការឡើងថ្លៃល្អផងដែរ»។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឲ្យជីវភាពរស់នៅរបស់ពលរដ្ឋធ្លាក់ក្នុងស្ថានភាពលំបាក»៕