2024-02-13 05:02
178

ស្ទឹងត្រែង៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តីនគរបាលជាតិ តាមរយៈការអនុវត្តវិធានការធ្វើតេស្តរកសារធាតុញៀន លើមន្រ្តីកងកម្លាំងរបស់ក្រសួងមហាផ្ទៃ ទាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ ដើម្បីធានាភាពជាគំរូនៃមន្រ្តីអនុវត្តច្បាប់។

 ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងដូច្នេះ នាព្រឹកថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២៤ នេះ ក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា ព្រមទាំងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ តាំងនៅខេត្តស្ទឹងត្រែង។ 

 ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងចំណុះក្រសួងមហាផ្ទៃទាំងអស់ដែលបានចូលរួមអនុវត្តវិធានការនេះយ៉ាងសកម្ម និងស្មោះត្រង់ ធ្វើឱ្យក្រសួងមហាផ្ទៃ ឈានទៅអនុវត្តវិធានការវិន័យចំពោះមន្រ្តីប្រើប្រាស់គ្រឿងញៀន។

 ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា «៥ខែចុងក្រោយនេះ មន្រ្តីប្រព្រឹត្តបទល្មើស ឬល្មើសវិន័យ ០០៦ ជាបន្តបន្ទាប់ត្រូវបានបណ្ដេញចេញ ឬមួយបន្ថយស័ក្ដិ ឬមួយដកហូតតួនាទី។ មិនថាទាំងខ្លួនលោកផ្ទាល់ រដ្ឋលេខាធិការទទួលបន្ទុក ឬអគ្គស្នងការ ក៏មិនចង់ធ្វើដែរ ប៉ុន្តែនេះជាការកាត់សាច់ស្អុយ ជាការសម្អាតផ្ទះយើង មុននឹងយើងរៀបចំផែនការបន្តទៀត ទាំងការអភិវឌ្ឍធនធានមនុស្ស»។ 

 គួរកត់សម្គាល់ថា «ការវះកាត់» គឺជាជម្រើសចុងក្រោយមួយនៃការអនុវត្តមរតក «អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដូសក្អែល ព្យាបាល និងវះកាត់» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។ ឈរលើអភិក្រមនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់។ 

 ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំសិស្សនាយនគរបាល នាយនគរបាលរង ដែលបញ្ចប់ការសិក្សានៅសាលានគរបាលជាតិភូមិភាគ១ ត្រូវមានស្មារតីម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្ដើមចេញពីខ្លួនឯងជាមុន ពីព្រោះប្រសិនបើកងកម្លាំងណាម្នាក់ផុងខ្លួនប្រើប្រាស់ ឬពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមទាំងបទល្មើសផ្សេងៗក្នុងសង្គម ក្រសួងនឹងសម្រេចបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងនោះឡើយ។ 

 សូមជម្រាបថា សិស្សនាយនគរបាល នាយនគរបាលរង ជ័យលាភី ដែលបញ្ចប់ការសិក្សាកម្រិតបឋមវិជ្ជាជីវៈនៅសាលានគរបាលជាតិភូមិភាគ១ និងទទួលវិញ្ញាបនបត្រ នាឱកាសនេះ មានចំនួន ១៧៧នាក់ នារី ២៩នាក់ ក្នុងនោះមកពីនាយកដ្ឋាននគរបាលការពារព្រំដែនគោក ស្នងការដ្ឋាននគរបាលខេត្តរតនគិរី មណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕