2024-02-14 02:02
121

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី សួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង ចំនួនជាង ២ ០០០ នាក់ ក្នុងឱកាសអបអរសារទរទិវាជាតិទីក្រុងស្អាត ។

 ព្រះរាជពិធីនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៤ កុម្ភៈឆ្នាំ២០២៤ នៅកោះនរា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុង ដែលមកពី ក្រុមហ៊ុនចំនួន៣ ចូលរួម ក្នុងនោះរួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd ។

នៅក្នុងព្រះរាជពិធីខាងលើនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម                      សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជបន្ទូលកោតសរសើរចំពោះឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងស្អាត មានសោភ័ណភាពទាក់ទាញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល             រដ្ឋ។ ទន្ទឹមនេះ ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋ             មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រតិបត្តិតាមមាគ៌ា ដ៏ល្អប្រពៃនិងមរតកនយោ បាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យសង្គមជាតិយើងទាំងនៅទីក្រុង ក៏ដូចជានៅជនបទទទួលបាននូវសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍរីកចម្រើនឡើងលើគ្រប់វិស័យផងដែរ ។

ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលបន្ដថា ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលម្អ សោភ័ណភាពនិងអភិវឌ្ឍន៍ទីក្រុងភ្នំពេញឱ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ព្រះអង្គក៏សូមកោតសរសើរនិងអរគុណបងប្អូន កម្មករ កម្មការិនីទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែរក្សាបរិស្ថាននិងសម្អាតទីក្រុងភ្នំពេញអោយមានអនាម័យល្អស្អាតនិងមានសោភ័ណភាពល្អ។

បើតាមរបាយការណ៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានភាពល្អប្រសើរលើការងារគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការថែរក្សាអនាម័យ-បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេលដែលរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់លើការងារគ្រប់គ្រងសំរាម-សំណល់រឹង នៅរាជធានីភ្នំពេញជ្រើសរើសបានក្រុមហ៊ុនចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ចូន សំរាមក្នុងរាជធានីភ្នំពេញ ។ ឯកឧត្ដមបន្ដថា ប្រតិបត្តិករថ្មីទាំង ៣ បានចាប់ដំណើរការផ្តល់សេវា ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១មក ដោយទទួលបានការសាទរ និងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋាន ថាការផ្តល់សេវាមានគុណភាពល្អប្រសើរជាងមុន។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា តាមរយៈព្រះរាជសកម្មភាព និងព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីទឹកព្រះ            ទ័យទុកដាក់ ខ្ពស់បំផុត អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ រួមចំណែកយ៉ាងធំធេងជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងសម្រាលការលំបាករបស់បុគ្គលិក និងបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ស័ក្តិសមបំផុតទៅនឹង ព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌។

សូមជម្រាបជូនផងដែរ ការផ្ដល់ព្រះរាជទាន ព្រះរាជអំណោយរបស់ព្រះករុណា ព្រះមហាក្សត្រ ដែលត្រូវផ្តល់ជូនដល់កម្មករដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ប្រមូលដឹកជញ្ជូនសំរាមទាំងបីខាងលើនេះសរុបទាំងអស់ចំនួន ២ ០៥៥ នាក់ ដោយម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ មាន ភួយ មុង កន្ទេល ត្រីខ មី អាវរងារ រួមនិង ព្រះរាជទ្រព្យមួយចំនួនទៀតផងដែរ៕