2024-01-23 06:01
204

ភ្នំពេញ៖ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំដល់នាយឧត្តនសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ និងពង្រឹងឡើងវិញ នូវការអនុវត្តវិធានការច្បាប់ចំពោះអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាសោកនាដកម្មដ៏រន្ធត់បំផុត ដែលបង្កដោយសារអ្នកបើកបរផឹកស្រវឹង ។

 សម្តេចអិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ករណីស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យជាសោកនាដកម្មមនុស្សកើតមានច្រើន ដូច្នេះស្នើសុំឱ្យនាយកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យមើល និងត្រួតពិនិត្យជាតិអាល់កុលឡើងវិញ យើងឃើញហើយគ្មានពីណាចង់ទេ ប៉ុន្តែជាតិស្រវឹងវាចូលខ្លួនអញ្ចឹងត្រូវធ្វើយ៉ាងម៉េច? ដើម្បីកុំឱ្យវាចូលខ្លួន ហើយការបើកបរអត់មានជាតិអាល់កុល ត្រូវពង្រឹងច្បាប់» ។ 

 សម្តេចធិបតីបន្ថែមថា «ករណីនេះ មហាជន និងអ្នកបើកបរគ្រប់រូបត្រូវចូលរួមទាំងអស់គ្នា ព្រោះសង្វែកណាស់ការបាត់បង់សមាជិកគ្រួសារហើយភាគច្រើនជនរងគ្រោះសុទ្ធតែទំពាំងស្នងឫស្សី ថ្ងៃមុនម្នាក់ជាកីឡាករ និងស្លាប់ ០៤នាក់ សុទ្ធតែអ្នកខិតខំរៀនសូត្រ និងស្ថិតក្នុងគ្រួសារក្រីក្រដែលមានអនាគត់វែងឆ្ងាយ ប៉ុន្តែត្រូវមកជួបរឿងអកុសលបែបនេះ»

 សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ករណីគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាបញ្ហាធំក្នុងចំណោមគ្រោះថ្នាក់ផ្សេងៗ ដូចជាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រោះថ្នាក់ដទៃទាំងអស់អញ្ចឹងត្រូវពិនិត្យមើលការអនុវត្តវិធានការច្បាប់ឡើងវិញ ឱ្យបានតឹងរឹងបន្តិច ប៉ុន្តែត្រូវដាក់វិធានការងាយស្រួលកុំទៅបង្កើតជាបញ្ហា»