2024-01-29 02:01
134

ភ្នំពេញ៖ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នាឱកាសនៃដំណើរបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា លោកស្រីបានបញ្ជាក់ថា «ធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ» ។

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នាឱកាសនៃដំណើរបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

លោកស្រីនាយិកាគ្រប់គ្រង បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងភាពល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានមាំមួន និងយូរអង្វែង ហើយលោកស្រីនាយិកាមានជំនឿជាក់ថា ជំនួបជាមួយសម្ដេចធិបតី នាឱកាសនេះ នឹងបន្ដជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីនាយិកា ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីភាពប្រទាក់ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និងការងារសំខាន់ៗ របស់ធនាគារពិភពលោក ក្នុងកម្រិតសកល និង ក្នុងកម្រិតប្រទេសកម្ពុជា ផងដែរ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះ លោកស្រីនាយិកាគ្រប់គ្រង ដែលបានអញ្ជើញមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបន្តកម្មវិធីភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោកសម្រាប់ ឆ្នាំ២០២៥-២០២៩ ។ សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីនាយិកាគ្រប់គ្រង ពីការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងវិធានការ ចំនួន៥ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ ការធានាកំណើន ចីរភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីនាយិកាគ្រប់គ្រងធាគារពិពភលោកប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់មា ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និង នៅក្នុងវិស័យអាទិភាពមួយចំនួន រួមមាន៖ «វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ជាដើម» ៕