2024-01-08 10:01
152

កោះកុង៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង”។
     សូមជម្រាបថា ស្ពានបេតុងថ្មីដែលមានឈ្មោះថា “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងភរិយា។ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ មានប្រវែង ១២០ ម៉ែត្រ ទទឹង ១១ ម៉ែត្រ ដែលត្រូវចំណាយថវិកាសាងសង់ប្រមាណ ១,៣៨៧,០០០ដុល្លារ។
    សូមបញ្ជាក់ថា នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

    ចំពោះបងប្អូនកម្មករ និយោជិត ចំនួន ១១ ០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ០៥ រួមមាន៖ ប្រភេទ រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១, រោងចក្របង្គុំខ្សែភ្លើង ចំនួន ១,  រោងចក្របរិក្ខារអេឡិចត្រូនិក ចំនួន ១, រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និង រោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើង  ចំនួន ១៕