2024-02-02 10:02
129

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា បានទទួលស្គាល់ថា ភរិយារបស់សម្តេចពិតជាកំពុងមានជំងឺ ប៉ុន្តែមិនបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសនោះទេ ដូចអ្វីដែលជនអគតិមួយចំនួនបង្កើតនូវព័ត៌មានក្លែងក្លាយឡើយ។ 

នេះបើតាមការបង្ហោះសារលើបណ្តាញសង្គមរបស់សម្តេចតេជោ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ 
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ»។ 

សម្តេចសរសេរទៀតថា «កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ»។ 

សម្តេចតេជោបានបញ្ជាក់ក្នុងសំណេរថា៖ «ការបង្កើតនូវព័ត៌មានថា ភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេស គឺជារឿងមិនពិត។ ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៌របស់ព្រះអង្គដល់មន្ទីរពេទ្យ»។ 

សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា «សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ»។ 
ឆ្លៀតឱកាស់នេះ សម្តេចតេជោ ក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ៕