2024-01-20 12:01
148

(ភ្នំពេញ)៖ក្នុងដំណើរទស្សនកិច្ចលើទឹកដីអឺរ៉ុប ក្នុងរយៈពេលមួយសប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននាំកិត្តិយសដ៏ត្រចះត្រចង់ និងផលប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋយ៉ាងធំធេង ខណៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះសម្តេចបានជួបបណ្តាថ្នាក់ដឹកនាំលើពិភពលោកជាច្រើន ជាពិសេសប្រធានា ធិបតីបារំាង លោក អេម៉ានុយអែល ម៉ាក្រុង និងថ្នាក់ ដឹកនាំបណ្តាក្រុមហ៊ុនបារាំង និងក្រុមហ៊ុនធំៗលំដាប់ពិភពលោកផ្សេងទៀត។
     ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ា  ណែត នាយករដ្ឋមន្រ្តី ក្នុងនាមជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបលើឆាកអន្តរជាតិ សបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិតជាមានមោទនភាព និងមានការគាំទ្រយ៉ាងសកម្ម ពីបណ្តាប្រទេសនានាលើពិភពលោក ជាក់ស្តែងដូចជាប្រទេសមហាអំណាចបារាំង នាពេលនេះយ៉ាងដូច្នេះដែរ»។ការឈានកាន់ទឹកដីអឺរ៉ុប របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថា ទី១៖ ប្រទេសកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យភាពត្រឹមត្រូវ និងមានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ដែលបង្ហាញរឹតតែច្បាស់អំពីកម្មវិធីនយោបាយការបរទេសឯករាជ្យ ឈរលើមូលដ្ឋានច្បាប់។ ទី២៖ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីលោកប្រធានាធិបតីបារាំង នេះបង្ហាញថាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដែលប្រសូត្រចេញអំពីការបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាជនកម្ពុជា ប្រកបដោយសេរី យុត្តិធម៌ និងត្រឹមត្រូវបំផុត ដែលមានការស្វាគមន៍ប្រកបដោយកិត្តិយសសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា និងទី៣៖ បានការគាំទ្រដោយភក្តីភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស មកទទួលសម្តេចធិបតីក្នុងនាមជាខ្មែរស្រលាញ់ខ្មែរ ខ្មែរបេះដូងតែមួយជាដើម។
    ក្រៅពីជួបថ្នាក់ដឹកនាំកំពូលៗរបស់បារាំង សម្តេចធិបតីក៏បានអនុញ្ញាតឲ្យបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនធំៗលំដាប់ពិភពលោក របស់បារាំងជាច្រើនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាច្រើន ដោយក្នុងកិច្ចជំនួបនោះភាគីក្រុមហ៊ុនបារាំង បានសន្យាចំពោះមុខសម្តេចធិបតីថា នឹងពង្រីកការវិនិយោគទុនរបស់ពួកផងខ្លួននៅកម្ពុជាបន្ថែមទៀត ដោយសារតែកម្ពុជាមានសក្តានុពលច្រើន រួមទាំងប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយផងដែរ។ ដោយឡែកក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចធិបតីទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ក៏បានឆ្លៀតឱកាសទទួលជួបក្រុមហ៊ុនធំៗ នៅអឺរ៉ុបជាច្រើនបន្ថែមទៀតផងដែរ ដោយកិច្ចជំនួបនោះសុទ្ធតែទទួលបាននូវលទ្ធផលយ៉ាងត្រចះត្រចង់ និងនាំមកផលប្រយោជន៍ជូនជាតិមាតុភូមិកម្ពុជាទាំងមូល។
   ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ រាជរដ្ឋាភិបាលបន្តវេនដ៏មានសមត្ថភាពរបស់កម្ពុជា ហើយបានទទួលលទ្ធផលដ៏ត្រចះត្រចង់នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែ វាគឺជាស្នាដៃរួមគ្នាដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១. គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។