2023-12-26 01:12
180

ភ្នំពេញ៖ សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ថាៈ “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើងទាំងក្នុងក្របខ័ណ្ឌ នៃការរៀបចំ គោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”

 សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាៈ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យ និងព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ និង ច្បាស់លាស់ សម្រាប់ការរៀបចំគោលនយោបាយនានារបស់ជាតិ ឱ្យមានលក្ខណៈមុតស្រួច និងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និងចំគោលដៅ ។

 សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថាៈ « ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើង ហើយបើយើងមិនមានទិន្នន័យ យើងច្បាស់ជាស្ថិតក្នុងស្ថានភាពវង្វេងផ្លូវ»។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថាៈ «មានទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់»