2024-03-22 08:03
80

ភ្នំពេញៈនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម  នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការពង្រឹងវិសាលភាព ការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័ន សាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរជាច្រើនរូបផងដែរ ។
   នៅក្នុងឪកាសនោះឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តមពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ព្រោះនេះជាប្រវត្តិសាស្ត្រ ថ្មីមួយ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអធិការកិច្ច ក្រោមការដឹកនាំរបស់ ឯកឧត្តម ហួត ហាក់ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។
   ឯកឧត្តមបន្ថែមថា ក្រសួងព័ត៌មានបានដើរតួយ៉ាងសំខាន់ ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ដោយឡែកសម្រាប់ក្រសួងអធិការកិច្ច គឺជាតួអង្គដ៏សំខាន់បំផុត ក្នុងការបង្ក្រាប ក៏ដូចជាលុបបំបាត់អំពើពុករលួយក្នុងប្រទេស ។ ដូច្នេះសម្រាប់ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់មិនត្រឹមតែរវាងក្រសួងទាំងពីរប៉ុណ្ណោះទេ ពោលគឺសម្រាប់សង្គមជាតិទាំងមូលទៀតផង ។
   ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា នៅក្នុងបរិវត្តកម្មឌីជីថល ការផ្សព្វផ្សាយព័ត៌មាន ត្រូវបានប្រើនៅលើទម្រង់ឌីជីថល ដែលមានលក្ខណៈទំនើប ឆាប់រហ័ស និងមានវិសាលភាពធំទូលាយ  ហើយសម្រាប់ក្រសួងព័ត៌មានគឺមានបណ្ដាញផ្សព្វផ្សាយធំៗចំនួន៤ ដូចជាទូរទស្សន៍ជាតិកម្ពុជា(TVK), វិទ្យុជាតិកម្ពុជា(RNK) ,ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP)និងកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO) ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តាមរយៈបណ្ដាញផ្សព្វផ្សាយទាំង៤ នៃក្រសួងព័ត៌មាន នឹងគាំទ្រដល់ក្រសួងអធិការកិច្ច ដើម្បីជួយផ្សព្វ ផ្សាយរាល់សព្រឹត្តិការណ៍ព័ត៌មាន និងសកម្មភាពនានាដែលបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ ។
   សូមជម្រាបជូនថា កិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ និងធានាការទទួលបានព័ត៌មានពិត និងអាចជឿទុកចិត្តបាន ពីស្ថាប័នសាធារណៈដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ខណៈចំនួននៃព័ត៌មានក្លែងក្លាយមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបង្កផលវិបាកជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងពិភពលោក ៕