2024-02-19 09:02
116

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតភ្ជាប់ស្ពានថ្នល់ពីតំបន់មួយទៅកាន់តំបន់មួយនៅទូទាំងប្រទេស គឺមានន័យថា យើងបានកាត់បង្រួមដីឱ្យនៅតូច ពោលគឺប្រជាពលរដ្ឋបានកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗបានច្រើនសម្រាប់ការធ្វើដំណើរ ដែលកាលពីមុនបើយើងធ្វើ ដំណើរពីភ្នំពេញទៅកាន់ខេត្តស្ទឹងត្រែង គឺយើងត្រូវដេកផ្លូវ។ តែឥឡូវមិនដូច្នោះទៀតទេ យើងថែមទាំងអាច វិលល្ងាចវិញបានទៀតផង ព្រោះយើងមានផ្លូវស្រួលសម្រាប់ការធ្វើដំណើរ យើងអាចបើកបរបានលឿន តែ សូមកុំលឿនហួសល្បឿនដែលបានកំណត់ ដើម្បីយើងចូលរួមក្នុងការកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ទាំងអស់គ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់បែបនេះនៅក្នុងឪកាសដែលសម្តេច និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គ រដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីបើកការដ្ឋានជាផ្លូវការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ តម្លៃ ៦០លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីប្រទេសចិន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី បានមានប្រសាសន៍ឲ្យដឹងដែរថា ការកសាងនូវហេដ្ឋាចនាសម្ព័ន្ធនានាបន្ថែម គឺជាការឆ្លើយតបទៅនឹងកំណើនរបស់ប្រជាជនក្នុងនោះរាជធានីភ្នំពេញ គឺជាទីតាំងមួយដែលមានកំណើនខ្ពស់បើប្រៀបធៀបទៅនឹងទីតាំងផ្សេងទៀតនៅទូទាំងប្រទេស តែយើងក៏មិនបានកំណត់ថា ភ្នំពេញត្រូវតែមានចំនួនមនុស្សត្រឹមណានោះដែរ ផ្ទុយទៅវិញគឺយើងត្រូវតែមានការអភិវឌ្ឍបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងកំណើនរបស់បងប្អូនប្រជាពលរដ្ឋ។

សម្តេចធិបតីបន្តទៀតថា ទាំងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដែលដឹកនាំដោយសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ទាំងយុទ្ធសាស្ត្របញ្ចកោណនៃរាជ   រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតីផ្ទាល់ គឺសុទ្ធសឹងជាយុទ្ធសាស្ត្រសម្រួចមុខព្រួញឆ្ពោះទៅរកការអភិវឌ្ឍក្រោមម្លប់នៃសុខសន្តិភាពដូចគ្នា ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាបញ្ចៀសកុំឱ្យសង្គ្រាមកើតមានឡើងនៅកម្ពុជាសារជាថ្មីទៀតឱ្យសោះ៕