2023-12-21 11:12
160

 

ភ្នំពេញ៖ សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន» ពិតជាមានសារសំខាន់បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេស អ្នកសារព័ត៌មាន តាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងការអនុវត្ត ក្រមសីលធម៌ វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន និងបង្កើនទំនុកចិត្តដល់សាធារណជន។

សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីបានចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយកមកពីអង្គភាពសារព័ត៌មាននានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តនៅពេលខាងមុខ ដើម្បីលើកកម្ពស់ការអនុវត្ត «ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន» ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពខាងសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដោយស្មោះចំពោះស្ថាប័នសារព័ត៌មាន  និងអ្នកសារព័ត៌មានទាំងអស់ ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក ក៏ដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលនេះជាកម្លាំងចលករក្នុងការចូលរួមចំណែក ថែរក្សាសុខសន្តិភាព និងការកសាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ 

សម្តេចធិបតី នាយលរដ្ឋមន្ត្រី ក៏កោតសរសើរ ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័ស ទាន់សភាពការណ៏ និងទូលំទូលាយទាំងនៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗ ជាប្រវត្តិសាស្ត្រនាពេលកន្លងមកដូចជា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធព្រឹត្តិការណ៍បោះឆ្នោតសកល នីតិកាលទី៧ ឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ធ្វើឱ្យកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺ នៅលើឆាកអន្តរជាតិ និង ការផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក ដែលទទួលបានជោគជ័យយ៉ាងធំធេងនាពេលថ្មីៗ កន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមិទ្ធិផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះបង្ហាញពីភាពជាដៃគូ ដែលមិនអាចខ្វះបាន រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មាន។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់សេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្ត ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានអនុវត្តនូវការសម្រេចដ៏ខ្ពស់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយលើកលែងពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធអនឡាញ ប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋសម្រាប់រយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃអាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មាន ចំនួន ៥០%  ដើម្បីជួយសម្រួលបន្ទុករបស់បងប្អូន អ្នកសារព័ត៌មាន ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល៕