2024-06-26 12:06
21

ភ្នំពេញ៖ នាឱកាស សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាលយ័ការពារជាតិ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា៖ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អណត្តិទី៧ ក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ អតីតយុទ្ធជន ជននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការតាមរយៈអាទិភាព»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រថា៖ «ការបន្តអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ការអនុវត្តរបបសន្តិសុខសង្គម និងការបន្តពង្រីក សេវាថែទាំសុខភាពសង្គម ឆ្ពោះទៅដល់ការគ្របដណ្ដប់សុខភាពសកល ស្របតាមការវិវឌ្ឍនៃស្ថានភាព សង្គម-សេដ្ឋកិច្ច»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា៖ «ការជំរុញ និងការបង្កើនសុខុមាលភាព នៃគ្រួសារក្រីក្រ គ្រួសារយុទ្ធជនមានពិការភាព ពលី មរណៈ និងគ្រួសារអតីតយុទ្ធជន ដោយផ្តល់ការគាំពារនានា រួមទាំង ការបន្តធ្វើប្រទានកម្មដី និងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់លំនៅឋាន និងកសិកម្មផងដែរ»។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ការងារសម្រាប់អតីតយុទ្ធជន និងនិវត្តន៍ជន មានគោលដៅ ៣សំខាន់ៗ គឺ «ទី១៖ កិត្តិយស, ទី២៖ ជីវភាព និង ទី៣៖ ឱកាស»។ សម្តេចធិបតី បានបន្តថា៖ «ថ្ងៃនេះក៏ដូចជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ មិថុនា ជាទិវាអតិតយុទ្ធជន ដើម្បីរម្លឹកដល់គុណនូបការៈ និងបង្ហាញដល់យុវជនជំនាន់ក្រោយ ព្រមទាំងប្រជាពលរដ្ឋជំនាន់ក្រោយ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «ទោះបីពេលវេលាកន្លងទៅហើយក្ដី មិនថា ១០ឆ្នាំ ២០ឆ្នាំ ឬ ៥០ឆ្នាំទៀតទេ គឺយើងត្រូវបន្តចងចាំ ហើយបើចងចាំប្រវត្តិសាស្ត្រ គឺត្រូវតែចងចាំអ្នកដែលតស៊ូរំដោះប្រទេសជាតិកាលពីអតីតកាល ហើយនៅបន្តរស់រានក្នុងពេលបច្ចុប្បន្ននេះ»៕