2024-05-30 04:05
86

កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធឆ្លង “ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ចំនួន ០៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា” នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គីរីរម្យ» ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់យុវជនគ្រប់ត្រូវប្រកួតប្រជែងគ្នារឿងខិតខំរៀនសូត្រយកចំណេះដឹង ដើម្បីចូលរួមក្នុងកិច្ចការងារជួយសង្គម មិនមែនប្រកួតប្រជែងគ្នាកាន់ដាវកាប់ចាក់គ្នាបង្កភាពអសន្តិសុខនៅក្នុងសង្គមនោះទេ។

 រាល់សកម្មភាពក្រុមក្មេងទំនើងប្រព្រឹត្តខុសច្បាប់ គឺមិនលើកលេងដាច់ខាតត្រូវតែបង្ក្រាបអនុវត្តតាមផ្លូវច្បាប់ ដើម្បីតម្រង់ឱ្យល្អទាំងគ្នា ដូច្នេះយុវជនត្រូវយកចិត្តទុកខិតខំរៀនសូត្រទទួលបានចំណេះដឹង បទពិសោធន៍ ដើម្បីចូលរួមប្រកួតប្រជែកគ្នាជួយកិច្ចការងារសង្គម មិនមែនប្រកួតប្រជែងគ្នាកាន់ដាវ កាំបិត ដេញកាប់ចាត់គ្នានោះទេ។

 សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ការប្រកួតប្រជែងផ្សេងៗត្រូវមានក្រឹត្យក្រមស្របតាមសម័យទំនើប សម្ភារៈនិយមត្រូវធ្វើយ៉ាងណាឱ្យការប្រកួតប្រជែងរបស់យើងម្នាក់ៗ ឱ្យទៅជាការបូករួមទៅជាការប្រកួតប្រជែងរីកចំរើនរួម»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានក្រើនរំឭកដល់យុវជនថា «ក្មួយៗត្រូវប្រកួតប្រជែងប្រឹងប្រែងរៀនសូត្រ ប្រកួតប្រជែងធ្វើកិច្ចការងារសង្គមមិនថាពាក់អាវអ្វីនោះទេ កុំប្រកួតប្រជែងកាប់ដាវ បង្កការអុកឡុកក្នុងសង្គមនាំឱ្យមានភាពអសន្តិសុខ បាត់បង់សណ្តាមធ្នាប់សាធារណៈជាដើម»

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា៖ «ម្សិលមិញសម្តេចបានដាក់បទបញ្ជាដល់អភិបាលខេត្តតាកែវឱ្យរកឃើញក្រុមក្មេងទំនើងជិះម៉ូតូដេញកាប់ចាក់គ្នានៅតាមផ្លូវជាតិលេខ៣ មុខផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់មិនត្រូវឱ្យរួចខ្លួននោះទេ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យពិនិត្យការលក់ដាវសាំម៉ូរ៉ៃ កាំបិទផ្សេងៗ ដែលមិនមែនកាំផ្គាក់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់កាប់ស្ការព្រៃ ។ល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាវុធមិនមែនជាអ្នកសម្លាប់មនុស្សទេ ប៉ុន្តែមនុស្សនេះឯងដែលប្រើប្រាស់ទៅសម្លាប់មនុស្សអាវុធដែលផលិតមកសម្រាប់ប្រើប្រាស់ត្រូវដើម្បីការពារសន្តិភាព សុវត្ថិភាពប្រទេស និងសង្គមកុំយកទៅប្រើប្រាស់គំរាមសម្លាប់ លួច ឆក់ ប្លន់អ្នកដទៃនោះទេ»

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «យុវជន យុវតី ដែលកំពុងពេញវ័យជំទង់់ គឺចង់ឃើញអ្វីដែលប្លែកៗ និងក្លាយហា ប៉ុន្តែដាច់ខាតកុំក្លាហានផ្លូវខុសពុំដូច្នេះទេ ផ្លូវច្បាប់នឹងតម្រង់ទិសដើម្បីទទួលបានសេចក្តីសុខសាន្តទាំងអស់គ្នាក្នុងសង្គមជាតិ»