2024-06-06 02:06
55

ភ្នំពេញ៖ ថ្លែងនៅក្នុងវេទិកាជាសាធារណៈ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលមានតម្លៃ ១៤០លានដុល្លារ ដោយបានប្រកាសថា «គ្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវកា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ» និងជាថ្ងៃពិសេសបំផុត ចំថ្ងៃខួបកំណើតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាតែម្តង។

សម្តេចធិបតីនាយកដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ការបើកការសាងសង់គ្រោងព្រែកជីកហ្វូណនតេជោ គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ មិនចាំបាច់រងដល់មួយឆ្នាំខួបបង្កើតរដ្ឋាភិបាលថ្មីនោះទេ។ កន្លែងរៀបចំពិធីបានរៀបចំរួចហើយ យើងមានសម្ភារ ឧបករណ៍ មធ្យោបាយរៀបចំរួចហើយ អញ្ចឹងអ្នកណាដែលខំឃោសនាថាយើងធ្វើមិនរួចយកល្អមិនបាច់ខំទេនាំតែហត់អត់អំពើ»។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណពលរដ្ឋនៅទូទាំងពិភពលោក និងអ្នកខេត្តកំពត ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចបញ្ជាក់ថា «អ្នកខេត្តកំពតជាអ្នកប្រយោជន៍ផ្ទាល់ពីគម្រោងព្រែកជីកហ្វូណនតេជោនេះតែម្តង»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា «គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនវិនិយោគដោយក្រុមហ៊ុនបរទេស ១០០ភាគរយទៀតហើយ គឺក្រុមហ៊ុនខ្មែរជាអ្នកកាន់ទុនភាគច្រើន គឺចាប់ពី ៥១ភាគរយ ឡើងទៅ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ក្រុមហ៊ុនខ្មែរដែលចូលរួមវិនិយោគព្រែកជីកហ្វូណនតេជោ រួមមាន កំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនឯកជនមួយទៀត»។ សម្តេចធិបតី បន្ថែមថា «គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរពីបច្ចុប្បន្នទៅអនាគត មិនមែនដើម្បីប្រយោជន៍បរទេសនោះឡើយ»។

សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់លំហរបស់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ចំនួន ៤ខេត្ត រួមមាន ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។

តាមការសិក្សាគម្រោងព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕