2024-07-08 04:07
163

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ កក្កដា ២០២៤ នាឱកាសអញ្ជើញជាអធិបតីពិធី “បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង” នៅរាជធានីភ្នំពេញ សម្តេចបានថ្លែងបញ្ជាក់ថា៖ «ការបង្កើនកម្រិតមួយទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង សំដៅសម្រេចបានជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយគោលដៅនេះ នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ចាប់ពីកិច្ចសហការនយោបាយ រហូតកិច្ចសហការសេដ្ឋកិច្ចផងដែរ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ២០២៤នេះ បាននាំមកនូវលទ្ធផលផ្លែផ្កាជាច្រើន ក្នុងនោះលទ្ធផលដ៏ល្អបំផុតមួយការដំឡើងកម្រិតមួយទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង សំដៅសម្រេចបានជាដៃគូរយុទ្ធសាស្ត្រគោលដៅនេះ នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ចាប់ពីកិច្ចសហការនយោបាយ រហូតកិច្ចសហការសេដ្ឋកិច្ច។ 

សម្តេចបានបន្ថែមថា៖ លើពីនេះ តាមរយៈភ្នាក់ងារអភិវឌ្ឍបារាំង AFT បារាំងបានផ្តលជំនួយបន្ថែមទៀតលើវិស័យអាទិភាពចំនួន៣ គឺ “ទឹកស្អាត ថាមពល និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ក្នុងទំហំទឹកប្រាក់ ចំនួន ២១៥លានអឺរ៉ូ ឬប្រហែល ២៣៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការវិនិយោគរបស់កម្ពុជា ទៅជាសេដ្ឋកិច្ចរីកលូតលាស់ប្រកបដោយចីរភាព បរិយាប័ន ស្រមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា៖ «កិច្ចសហការរវាងកម្ពុជា-បារាំង មានវិសាលភាពហួសពីកិច្ចការនយោបាយ និងជំនួយអភិវឌ្ឍ»។ សម្តេចធិបតី បានបន្ថែមថា៖ «ពាក់ពាក់ការងារសេដ្ឋកិច្ចបារាំងនៅតែជាដៃគូរពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសនៅអឺរ៉ុប ពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងជាលំដាប់ដែលមានទំហំទឹកប្រាក់ ៥១៥លានក្បៀស២១លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ និង២០៦,៤១លានដុល្លារអាមេរិកក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ «ក្រុមហ៊ុនរបស់បារាំងជាច្រើន ដោយរាប់ពីសហគ្រាស ពហុជាតិ (MNA) រហូតសហគ្រាសធន់តូច និងមធ្យម (FME) បានបង្កើតមូលដ្ឋាននៅកម្ពុជា។ ការវិនិយោគរបស់បារាំងនៅកម្ពុជា បានរួមចំណែកការបង្កើតការងារ ការផ្ទេរជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់បង្កើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា»៕