2024-08-05 04:08
166

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។ 

សូមជម្រាបថា មូលនិធិ Nippon បានជួយប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ, ការថែទាំសុខភាព, និងពិការភាព។ The Nippon Foundation ដែលក្នុងរយៈកាល ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើន បានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ។

មូលនិធិ The Nippon Foundation បានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមមាន ការប្រយុទ្ធនឹងជំងឺហង់សិន ការបោះពុម្ពសៀវភៅសិក្សាភាសាអង់គ្លេសសម្រាប់កុមារកម្ពុជា និងការបង្កើតសាលាផលិតអវយវៈសិប្បនិម្មិត។

សាលាផលិតអវយវៈសិប្បនិម្មិតនេះ មានអាយុកាលប្រមាណ ៣០ឆ្នាំ ហើយមកទល់ពេលនេះ និងបានក្លាយជាសាលាដែលមានឈ្មោះល្បីល្បាញជាលក្ខណៈសកល និងមានប្រទេស ចំនួន២៨ បានបញ្ជូនសិក្ខាកាមមកសិក្សាអំពីការផលិតអវយវៈសិប្បនិម្មិតនៅកម្ពុជា៕