2024-08-05 04:08
165

កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់លាស់ថា៖ «ដើម្បីដោះស្រាយបញ្ហាកង្វល់ និងបញ្ហាមន្ទិលសង្ស័យផ្ទៃក្នុង យើងត្រូវធ្វើគម្រោងព្រែកជីកនេះ ឱ្យចេញរូបរាង ដើម្បីបង្ហាញឱ្យបងប្អូនប្រជាពលរដ្ឋយើងបានឃើញជាក់ស្តែង។ មិនដូច្នេះទេ យើងបានត្រឹមដោះអំពីបញ្ហាកង្វល់តែប៉ុណ្ណោះ វាធ្វើទៅមុខមិនរួចដោយបញ្ហាអញ្ចេះ បញ្ហាអញ្ចោះ…ក៏ប៉ុន្តែបញ្ហាមន្ទិលសង្ស័យមិនអាចដោះស្រាយបានទេ»។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នាឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីពិធីបើកការដ្ឋានជាផ្លូវការ «ព្រែកជីកហ្វូណនតេជោ» នៅព្រែកតាកែវ ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឺទ្ធសភា អង្គទូត មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ប្រសិនយើងធ្វើគម្រោងនេះមិនចេញទេ បងប្អូនប្រជាពលរដ្ឋនឹងគិតថា រាជរដ្ឋាភិបាលមានចេតនាធ្វើឱ្យបាត់អធិបតេយ្យភាព បាត់ទឹកដីមែន កុំតែប្រជាជនស្រែក កុំអីធ្វើបាត់ហើយ អញ្ចឹងនៅតែបន្តមន្ទិលសង្ស័យតហូត ហើយរាជរដ្ឋាភិបាលគ្មានអ្វីបញ្ជាក់លើដី មានតែប្រកាសដាក់ម៉េក្រូ វាបង្កើតនូវការសង្ស័យជារៀងរហូតតែម្តង ហើយនេះនឹងធ្វើឱ្យប្រជាពលរដ្ឋលេងទុកចិត្តគ្នា លេងទុកចិត្តរដ្ឋាភិបាល ដោយសារការមានមន្ទិលសង្ស័យខ្មែរគ្នាឯងនេះហើយ ដែលធ្វើនាំឱ្យមានដុតឈានដល់ការបែកបាក់ជាតិ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ដើម្បីដោះស្រាយបញ្ហាកង្វល់ និងបញ្ហាមន្ទិលសង្ស័យផ្ទៃក្នុងរបស់យើង យើងត្រូវធ្វើគម្រោងនេះឱ្យចេញ ដើម្បីបង្ហាញបងប្អូនប្រជាពលរដ្ឋយើងថា គម្រោងនេះធ្វើមែននាំគ្នាមើលទាំងអស់គ្នាទៅថា គម្រោងនេះនាំឱ្យមានការបាត់បង់ទឹកដី អធិបតេយ្យភាពដែរឬទេ? ដោយបញ្ជាក់តាមសមិទ្ធិផលជាក់ស្តែងដែលមាន»។ សម្តេចបានបន្ថែមទៀតថា៖ «ដោយសារមានមន្ទិលសង្ស័យបើយើងហ៊ានបញ្ឈប់គម្រោងនេះ នឹងមានការរុញពីមជ្ឈដ្ឋានផ្សេងៗមានខ្លួនហើយទើបដកខ្លួនចេញដោយសារប្រជាពលរដ្ឋស្រែក នឹងហើយដែលនាំឱ្យមានការសង្ស័យ»។

សម្តេចធិបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូចនេះថា៖ «ដើម្បីលប់បំបាត់នៅកង្វល់ និងការមន្ទិលសង្ស័យ គឺសំខាន់បំផុតកុំឱ្យមានការសង្ស័យផ្ទៃក្នុងជាតិរបស់យើងនាំឱ្យមានការបែកបាក់ដោយសារគម្រោងមួយនេះ ត្រូវតែខិតខំធ្វើឱ្យចេញជារូបរាង និងត្រូវការពារ និងទាញយកផលប្រយោជន៍មួយនេះ ដើម្បីអភិវឌ្ឍជាតិ លើកសក្តានុពល ការពារឯករាជជាតិ និងអធិបតេយ្យភាពជាតិជាក់ស្តែងសម្រាប់កូនចៅជំនាន់ក្រោយ»។

សូមជម្រាងថា គម្រោងព្រែកជីហ្វូណន់តេជោ បើតាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងប្រធានដឹកនាំការសាងសង់ បានឱ្យដឹងថា៖ «គម្រោងប្រវត្តិសាស្ត្រមួយនេះ គឺជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ។ គម្រោងនេះ ត្រូវបានសិក្សាយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ដោយមានការសិក្សាវិភាគ និងវាយតម្លៃយ៉ាងច្បាស់លាស់លើទីតាំងភូមិសាស្រ្ត ដោយប្រើប្រាស់បច្ចេកវិទ្យាដ្រូន និងរូបភាពពីផ្កាយរណប, ផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចដោយប្រើឧបករណ៍ម៉ូដែលវិភាគសេដ្ឋកិច្ចរបស់ ADB និងផលប៉ះពាល់ផ្សេងៗទៀត ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS), បញ្ហាជលសាស្រ្ត និងកករដីដោយប្រើឧបករណ៍ម៉ូដែលជលសាស្រ្តទំនើប (MIKE Plus 2023) និងការសិក្សាលើចលនាបម្រែបម្រួល (Simulation)នៃកម្ពស់ទឹកក្នុងតំបន់ ផ្អែកលើព័ត៌មានចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០២៣ ដើម្បីធានាឱ្យបានថាគម្រោងនេះ នឹងមិនមានផលប៉ះពាល់ដល់បរិស្ថានទាំងក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសជិតខាង»៕