2024-08-16 09:08
135

ភ្នំពេញ៖ ថ្លែងក្នុងពិធិអញ្ជើញជាអធិបតី “សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ ចំនួន ១ ០០០នាក់” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ សីហា ២០២៤ រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «បើចង់ថែរក្សា វប្បធម៌ ប្រពៃណី ពង្រឹងនូវអត្តសញ្ញាណជាតិ ត្រូវធានាឱ្យសុខសន្តិភាព ស្ថិរភាពនយោបាយ និងការឯកភាពជាតិ គឺត្រូវធ្វើយ៉ាងណាកុំឱ្យប្រទេសជាតិមានសង្គ្រាមជាមុនសិន»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «អង្គពិធីទាំងមូលប្រហែលជាដឹងច្បាស់ហើយ គឺថ្មីៗនេះ មានប្រធានបទដែលធ្វើឱ្យឈានដល់ការប្រឈមមុខដាក់គ្នា។ សម្តេចបានតាមដានជាប្រចាំនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រព័ន្ធតេឡេក្រាមឃើញថា ប្រជាពលរដ្ឋកម្ពុជា កំពុងប្រឈមមុខដាក់គ្នា ដោយគ្មានប្រទេសណាមួយមកពាក់ព័ន្ធសោះ ឬនៅក្រោយសោះ ប៉ុន្តែបែរជាយើងគិតពីរឿងខ្លាច និងអាចនឹងបម្រុងមានការប្រឈមការបែកបាក់សាមគ្គីគ្នា។ ៥០០ឆ្នាំនៃការបែកបាក់ដោយសារផ្ទៃក្នុងគ្នាឯងធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ប្រទេសយើងទើបមានសន្តិភាពនៅឆ្នាំ១៩៩៨ទេ ដែលខ្មែរឈប់បាញ់គ្នា ឈប់បែងចែកទឹកដីគ្នា»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ករណីដែលកំពុងក្តៅដោយមានមទិលសង្ស័យគ្នាហើយរឿងនេះ ប្រសិនបើមិនមានយោបយល់គ្នា ឯកភាពគ្នានោះទេ វាអាចឈានដល់មានជម្លោះនៃកង់ប្រវត្តិសាស្ត្រ មានបងប្អូនខ្លះទាញប្រវត្តិសាស្ត្រមកវិញព្រួយបារម្ភពីការបាត់បង់ទឹកដី បាត់អធិបតេយ្យភាពជាតិ ប៉ុន្តែមូលហេតុដែលនាំឱ្យបាត់ទឹកដី និងបាត់អធិបតេយ្យភាព ដោយសារតែយើងចេះតែឈ្លោះគ្នា អាហ្នឹងជាមូលហេតុចម្បង។ បើយើងរួមគ្នា ឯកភាពគ្នា មានរឿងអ្វីនិយាយគ្នា មិនមានអំពើហិង្សា ប្រឈមដាក់គ្នា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា៖ «ខ្ញុំមើលក្នុងគ្រុបតេឡេក្រាមឈ្លោះពេញហ្នឹង ប្រសិនជួបគ្នានៅខាងក្រៅវិញ ប្រហែលជាត្រូវកាប់ចាក់គ្នាបាត់ទៅហើយ។ ការថែរក្សាក្រមសីលធម៌ និងការយោបយល់គ្នា ជជែកគ្នា ការបញ្ចេញមតិ ទស្សនៈខុសគ្នាមិនអីទេ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា៖ «ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) រឿងនេះគឺជារឿងកង្វល់ទាំងអស់គ្នាមិនគាំទ្រ ឬប្រឆាំងទេ សុទ្ធសឹងជាខ្មែរដូចគ្នា សុទ្ធតែមានការព្រួយបារម្ភពីការបាត់បង់ទឹកដី និងអធិបតេយ្យភាពដូចគ្នា ក្នុងនោះ ក៏មានសម្តេចផ្ទាល់ដូចប្រជាពលរដ្ឋខ្មែរទាំងអស់ដែរ»៕