2024-08-16 10:08
116

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន ១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍៧ចំណុច ដល់ក្រសួងធម្មការ និងសាសនា ព្រមទាំងអាចារ្យ អាចារិនី ដើម្បីលើកកម្ពស់ និងការពង្រឹងវិស័យធម្មការ និងសាសនានៅកម្ពុជា ឱ្យកាន់តែប្រសើរ និងចូលរួមចំណែកផ្តល់ការអប់រំប្រជាជន យុវជន កូនចៅរបស់ប្រជាពលរដ្ឋ ឱ្យវៀរចាកអំពើអបាយមុខផ្សេងៗ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដើម្បីចូលរួមដល់ការលើកកម្ពស់ និងការពង្រឹងវិស័យធម្មការ និង សាសនាឱ្យកាន់តែប្រសើរ សម្តេចបានផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយ ចំនួន ៧ ដូចខាងក្រោម៖

ទី១៖ ក្រសួងធម្មការ និងសាសនា ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ សម្រាប់អាចារ្យ អាចារិនី ដើម្បីបំពេញតម្រូវការរបស់ប្រជាជននៅទូទាំងប្រទេស ចំពោះវិស័យដ៏សំខាន់នេះ។

ទី២៖ សូមអាចារ្យ អាចារិនី បង្កើនសាមគ្គីភាពល្អជាមួយពុទ្ធបរិស័ទ បម្រើព្រះពុទ្ធសាសនា និងប្រជាជនគ្រប់មជ្ឈដ្ឋាន រក្សាឱ្យបាននូវប្រពៃណីវប្បធម៌ ដ៏ល្អផូរផង់របស់ខ្មែរយើង និងចូលរួមចំណែកអប់រំ សំដៅលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្សក្មេងទំនើងជាដើម។

ទី៣៖ សូមលើកទឹកចិត្តដល់អាចារ្យ អាចារិនី ដែលមានតួនាទីជាគណៈកម្មការ អាចារ្យវត្ត បង្កើនកិច្ចសហការល្អជាមួយព្រះសង្ឃហើយប្រកាន់ភ្ជាប់ស្មារតីជានិច្ចថា អាចារ្យ អាចារិនី គឺជាសេនាធិការ ឬជាវេយ្យាវច្ចករ (អ្នកបម្រើព្រះសង្ឃ) ដូច្នេះមិនត្រូវសម្ដែងសកម្មភាពណាមិនសមរម្យចំពោះព្រះសង្ឃ ដែលជាហេតុនាំឱ្យកើតមាននូវវិវាទធ្វើឱ្យប៉ះពាល់ដល់ គុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់វត្ត ក៏ដូចជាកិត្យានុភាពនៃព្រះពុទ្ធសាសនាជាតិយើងឡើយ។

ទី៤៖ សូមអាចារ្យ អាចារិនី រក្សាឱ្យបាននូវគុណធម៌ខ្ពស់ ចៀសវាងការប្រព្រឹត្តខុសឆ្គង ដោយប្រការណាមួយ ការប្រកាន់បក្សពួក និន្នាការនយោបាយ រើសអើងវណ្ណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់អាចារ្យ អាចារិនី។

ទី៥៖ សូមក្រសួងធម្មការ និងសាសនា ត្រូវធ្វើបច្ចុប្បន្នភាពលើ ឯកសារសម្រាប់បង្រៀន ធ្វើយ៉ាងណា ឱ្យការប្រតិបត្តិនៅក្នុងសាសនពិធី និងពិធីអាពាហ៍ពិពាហ៍មានការឯកភាពគ្នា។ ទន្ទឹមនេះក្រសួងធម្មការ និងសាសនា ត្រូវសហការអនុវត្តនូវពិធីកម្មសាសនា និងពិធីផ្សេងៗ។

ទី៦៖ សូមក្រសួងធម្មការ និងសាសនា ត្រូវរៀបចំឡើងវិញ ឱ្យមានសមាគមអាចារ្យខ្មែរ ដើម្បីធ្វើយ៉ាងណាធានានិរន្តរភាព ក្នុងការកសាងបាននូវមូលធនអាចារ្យ ប្រកបដោយសមត្ថភាព និងចំណេះដឹងខ្ពស់ ចូលរួមថែរក្សា ការពារ ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។

ទី៧៖ សូមអាចារ្យ អាចារិនី បន្តប្រព្រឹត្តឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យសាសនា និងសីលធម៌សង្គម កសាងខ្លួនឱ្យក្លាយទៅជាបុគ្គលដែលទទួលបាននូវការគោរពស្រឡាញ់ និងការជឿទុកចិត្តពីប្រជាជន មហាជននៅមូលដ្ឋាន។ 

ក្នុងនាមជាអាចារ្យ អាចារិនី ក្រៅពីមានតួនាទីដឹកនាំ រៀបចំពិធីកម្មផ្សេងៗ, ចូលរួមសកម្មភាពសង្គមនានា តាមរយៈការផ្តល់ការអប់រំប្រជាជន យុវជន កូនចៅរបស់ ប្រជាពលរដ្ឋ ឱ្យវៀរចាកអំពើអបាយមុខផ្សេងៗ, ដូចជា គ្រឿងញៀន សកម្មភាពក្មេងទំនើង ល្បែង- ស៊ីសង អំពើហិង្សា និងការជួញដូរមនុស្សជាដើម ដើម្បីរួមចំណែកដល់ការពង្រឹង ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព៕