2024-07-11 11:07
232

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីដាក់តាំងបង្ហាញក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅទីស្តីការក្រសួងបរិស្ថាន ដោយបានអំពាវនាវ ឱ្យលោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង និងបងប្អូនទាំងអស់ចូលទស្សនាស្តង់ពិព័រណ៍ស្នាដៃសមិទ្ធផលនានារបស់ សមាគមកាយឫទ្ធិនារីកម្ពុជា និងស្តង់ពិព័រណ៍ជាច្រើនទៀត និងទទួលយកកូនឈើដោយឥតគិតថ្លៃផងដែរ។

លោកជំទាវទី១ របស់កម្ពុជា បានសូមគោរពអញ្ជើញ លោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង និងបងប្អូនទាំងអស់ចូលទស្សនាស្តង់ពិព័រណ៍ស្នាដៃសមិទ្ធផលនានារបស់ សមាគមកាយឫទ្ធិនារីកម្ពុជា និងស្តង់ពិព័រណ៍ជាច្រើនទៀតផងដែរ។ កម្មវិធីនេះ មានរយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខបរិវេណទីស្ដីការក្រសួងបរិស្ថាន។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា៖ «កម្មវិធីនេះផងដែររៀបចំឡើងក្នុងគោលបំណងតាំងបង្ហាញ និងចែកជូនកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងទីតាំងឯកជននានាដោយឥតគិតថ្លៃ។ សូមសាធារណជន អាចអញ្ជើញទៅទស្សនា និងទទួលយកកូនឈើដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងបរិស្ថាន»។

សូមជម្រាបថា ក្រសួងបរិស្ថាន បានឱ្យដឹងថា មិនថាមន្ត្រីរាជការ មិនថាកុមារា កុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សាភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទីគ្រប់ៗក្នុងការចូលរួមថែរក្សាបរិស្ថាន។ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សាធារណជនទាំងអស់អាចអញ្ជើញទៅទស្សនា ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន និងចូលរួមបង្កើតទម្លាប់ល្អ ដើម្បីជួយដល់បរិស្ថានរបស់យើង។

ការតាំងពិព័រណ៍ និងចែកកូនឈើ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ គឺជាផ្នែកនៃការបើកទំព័រថ្មីមួយរបស់ ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើ ចំនួន ៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។ ព្រឹត្តិការណ៍នេះ គឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តរៀបចំឡើង ដោយអនុលោមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដើម្បីឆ្ពោះទៅសម្រចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។

សម្រាប់ការការរៀបចំពិព័រណ៍ផ្សព្វផ្សាយ ចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី៤ នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមរបស់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុក្នុងនាមកម្ពុជា ជារដ្ឋភាគីមួយផងដែរ៕