2024-10-12 10:10
26

(វៀងចន្ទន៍, ឡាវ)៖ លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសថា រដ្ឋាភិបាលកាណាដា នឹងបើកស្ថានទូតនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។

លោកនាយករដ្ឋមន្ត្រីកាណាដា បានប្រកាសបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីកាណាដា បានសម្ដែងការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

លោកនាយករដ្ឋមន្ត្រីបន្ថែមថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូតរវាងប្រទេសទាំងពីរ កាណាដាគ្រោងបើកស្ថានទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។

លោកនាយករដ្ឋមន្ត្រីកាណាដា ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ាន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ត្រូវបានអនុម័តនាពេលខាងមុខនេះ។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដាដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែកបោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា។

បន្ថែមលើសពីនោះ សម្ដេចមហាបវរធិបតី បានជម្រាបលោកនាយករដ្ឋមន្ត្រីកាណាដាថា កាណាដា ជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលការណ៍នេះបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។

សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានស្ថានទូតកម្ពុជា នៅកាណាដាជាដើម។ 

សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីកែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់វិស័យឯកជន ជាមួយនឹងការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែល្អប្រសើរ និងមានលក្ខណៈអំណោយផល ព្រមទាំងបានដាក់ចេញវិធានការលើកទឹកចិត្តនានា សំដៅជួយវិស័យឯកជនឱ្យកាន់តែរីកចម្រើនថែមទៀត៕