2024-11-11 08:11
21

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងទាំងស្រុង ទម្លាយសំឡេងសមាជិកក្រុមប្រឆាំងម្នាក់ ដែលទូរស័ព្ទទៅរំខានសម្តេច ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងឈ្លើយចំពោះសម្តេច ហើយសម្តេចហៅថាជាក្មេងពាល។ សមាជិកក្រុមប្រឆាំងរូបនេះ បានដាក់រហ័សនាមខ្លួនឯងថា «Beysach Prosecutor»។

តាមរយៈការទម្លាយសំឡេងលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បរបស់ខ្ញុំ១០វិច្ឆិកា១៩៧៦ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំទាំងសំឡេងអាក្មេងពាល ដែលហៅចូលមកទាំងព្រឹកនិងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន។គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាល ដែលបម្រើឲ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណាបើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង»។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានបង្ហាញនូវការហួសចិត្ត និងខឹងសម្បារជាខ្លាំងក្នុងនាមជាកូនក្រោយពេលស្ដាប់ការសន្ទនាដែលក្រុមប្រឆាំងតេទូរស័ព្ទមកកាន់សម្ដេចតេជោ ហ៊ុន សែន ដោយប្រើប្រាស់ពាក្យសម្ដីឈ្លើយ និងមិនសមរម្យ មិនគោរពចាស់ទុំបែបនេះ។

លោក ហ៊ុន ម៉ានី តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបរាប់យ៉ាងដូច្នេះថា៖
«ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូនដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ។

អ្វីដែលខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកពី episode នេះមកពិចារណាគឺ៖
១៖ វិជ្ជាជីវៈសារព័ត៌មាន
២៖ អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។

ទោះជាមានចំណុចឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន ឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេសការគោរពចាស់ទុំ។

គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះធំនៅក្រៅប្រទេស អញ្ជឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬនិងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា?

យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរទៅជាបញ្ហាទៅវិញ?

ជារួមក្នុងនាមជាខ្មែរយើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើងក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់យើង»៕