2024-11-12 09:11
49

កែប៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវប្រជាពលរដ្ឋ ត្រូវបដិសេធរាល់ការអំពាវនាវដែលនាំឱ្យសង្គមកើតចលាចល ឬបាត់បង់អស្ថិរភាពសង្គម ហើយចូលរួមថែរក្សាការពារឱ្យបាននូវសុខសន្តិភាព ជាដាច់ខាត។

ការអំពាវនាវជាថ្មីនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ដែលមានប្រវែងជាង ១២គីឡូម៉ែត្រ ដែលចំណាយថវិកាស្ថាបនាអស់ប្រមាណជាង ១០លានដុល្លារ ប៉្របតាមបណ្ដោយឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប តភ្ជាបទៅខេត្តកំពត នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានរំឭកដល់ទង្វើក្រុមប្រឆាំងដែលបានញុះញង់បំផុសបំផុលកៀរគរមនុស្សឱ្យធ្វើចលនាហិង្សា ដែលល្មើសច្បាប់ធ្ងន់ធ្ងរ គំរាមកំហែងដល់សេចក្ដីសុខប្រជាពលរដ្ឋ តួយ៉ាងដូច្នេះករណីថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះជាដើម។ 
 

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ក្រុមប្រឆាំងថា «ធ្វើអីធ្វើចុះ កុំឱ្យតែលើសច្បាប់ ជាពិសេសកុំបំពុល កុំធ្វើចលនា ដែលឈានទៅដល់ការកៀរគរមនុស្ស ឬរៀបចំផែនការដើម្បីជំរុញមនុស្សដូចថ្ងៃ៩ វិច្ឆិកា ២០១៩ ឬ ថ្ងៃ១៨ សីហា ២០២៤ ដែលរៀបចំអូសទាញឱ្យប្រជាពលរដ្ឋ ធ្វើសកម្មភាពហិង្សា ដើម្បីប្រឆាំងរដ្ឋាភិបាលផ្ដួលរំលំតាមរូបមន្តមិនប្រជាធិបតេយ្យ ខុសពីរដ្ឋធម្មនុញ្ញ»។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមទៀតថា៖ «ប្រសិនបើក្រុមណាមួយអនុវត្តសិទ្ធិរបស់ខ្លួនខុសច្បាប់ហើយរាជរដ្ឋាភិបាលគ្មានជម្រើសក្រៅពីការអនុវត្តច្បាប់ ដើម្បីថែទាំស្ថិរភាព ឯកភាពជាតិ និងសន្តិភាពនោះទេ។ នេះជាអ្វីដែលរាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តជាមួយប្រជាពលរដ្ឋ ១៧ លាននាក់ ក្នុងការការពារសន្តិសុខ សន្តិភាព ស្ថិរភាពឱ្យខាងតែបាន។ 
 

រាជរដ្ឋាភិបាលប្ដេជ្ញាមិនឱ្យមនុស្សមួយចំនួនមកបំផ្លាញសុខសន្តិភាព យករឿងមិនពិតមកបំផុស ពិសេសមកជំរុញឱ្យប្រជាពលរដ្ឋមកធ្វើសកម្មភាពហិង្សា ឬសកម្មភាពខុសច្បាប់ដូចថ្ងៃ១៨ សីហា ឆ្នាំ២០២៤ កន្លងទៅនោះទេ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «ព្រឹត្តិការណ៍កាលពីថ្ងៃទី១៨ សីហានោះ មានទាំងអ្នកកាន់ដាវ មានជំពាម និងគ្រាប់ប៉ាដាងកង់ ព្រមទាំងដបសាំងមកគប់លើសមត្ថកិច្ចហើយក៏មានទាំងផែនការបង្ហោះដ្រូនដាក់គ្រាប់បែបថែមទៀត តាមដែលឮមកក៏មានទាំងផែនការដើរដុតផ្ទះរបស់មន្ត្រីនេះ មន្ត្រីនោះផងដែរ»។

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋសាជាថ្មីថា ប្រសិនជាមានការអំពាវនាវ ការបំផុសឱ្យធ្វើសកម្មភាពជ្រុលនិយម ធ្វើសកម្មភាពហិង្សា ធ្វើឱ្យបាត់បង់សេចក្ដីសុខប្រទេសជាតិ សូមប្រជាពលរដ្ឋរួមគ្នា ប្រឆាំងនូវការញុះញង់ទាំងនោះ តាមរយៈការមិនចូលរួមជាមួយការអំពាវនាវនោះ ឬតាមរយៈការរួមគ្នាថែរក្សាជីវភាពរស់នៅ ស្ថិរភាព ឯកភាពក្នុងប្រទេសរបស់យើង។

ប្រតិកម្មចំពោះពាក្យគេថា «សន្តិភាពនៅស្រុកខ្មែរមិនបានមួយចម្អិនកំពិស» នោះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឆ្លើយតបថា៖ «កំពិសនេះ មិនមែនកំពិសម្សៅឡើយ តែជាកំពិសដែកដែលមិនងាយនឹងប្រែប្រួល ឬរលួយរូបរាងឡើយ ព្រោះប្រជាពលរដ្ឋយល់ពីការថែរក្សាសន្តិភាព ការពារសន្តិភាព មិនឱ្យក្រុមណាមកបំផ្លាញបានឡើយ»៕