2024-05-12 01:05
145

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿងបើកបរដោយនារីរូបស្រស់ម្នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុករថយន្តតូយ៉ូតាព្រូសចតស្ងៀមនៅលើចិញ្ចើមផ្លូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
   បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកJeep ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BQ-7757 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BJ-4129 ដែលកំពុងចតនៅលើចិញ្ចើមផ្លូវចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាត យ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយមកនារីអ្នកបើករថយន្តបង្កហេតុបានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់តែម្តង។

   ក្រោយកេីតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកដល់ធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកដេីម្បីរង់ចាំឱ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ ៕